អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហាណូយនៃប្រទេសវៀតណាមនាថ្ងៃអាទិត្យនេះ ។ប្រទេសទាំងពីររំពឹងថា នឹងបង្កើនទំនាក់ទំនងទ្វេភាគី តាមរយៈការប្រកាសខ្លួនជាដៃគូយុទ្ធសាស្ត្រ ស្របពេលក្រុងវ៉ាស៊ីនតោនព្យាយាមទប់ទល់នឹងឥទ្ធិពលយោធានិងការទូតរបស់ចិននៅអាស៊ី។
បើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោក បៃដិន នឹងធ្វើដំណើរទៅដល់វិមានប្រធានាធិបតីវៀតណាមនៅរសៀលថ្ងៃអាទិត្យ ហើយទទួលការស្វាគមន៍ពីអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូជុង (Nguyen Phu Trong) ដែលជាមេដឹកនាំនយោបាយដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស។ បន្ទាប់មកទៀត មន្រ្តីទាំងពីរ នឹងធ្វើដំណើរទៅកាន់ទីស្នាក់ការបក្សកុម្មុយនីស្ត ហើយជួបប្រជុំគ្នា មុនការថ្លែងសុន្ទរកថាជាសាធារណៈ។
បើតាមរ៉យទ័រ វៀតណាមបានដាក់ឈ្មោះប្រទេសចំនួនបួន រួមមាន ចិន រុស្ស៊ី ឥណ្ឌា និងកូរ៉េខាងត្បូងថា ជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ហើយរំពឹងថា នឹងកំណត់ឈ្មោះបែបនេះសម្រាប់អាមេរិកដែរ ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិក នាពេលនេះ។
គួរគត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់លោក បៃដិន ដែលប្រព្រឹត្តទៅក្រោយសង្រ្គាមវៀតណាមបញ្ចប់ជិតទៅ៥០ឆ្នាំ នាពេលនេះ កើតមានឡើងស្របពេលដែលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងអាមេរិក មានការរីកចម្រើន។
ការនាំចេញរបស់វៀតណាម ទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ១៣,៦ ភាគរយកាលពីឆ្នាំមុន រហូតដល់ ១០៩,៣៩ ប៊ីលានដុល្លារ ដោយការនាំចេញរួមមាន សម្លៀកបំពាក់ ស្បែកជើង ស្មាតហ្វូន គ្រឿងអេឡិចត្រូនិក និងគ្រឿងសង្ហារឹមធ្វើពីឈើជាដើម។
ទស្សនកិច្ចដដែលក៏កើតឡើងផងដែរ ស្របពេលជម្លោះដែនទឹកដ៏រ៉ាំរ៉ៃនៅសមុទ្រចិនខាងត្បូងរវាងវៀតណាម និងចិន កាន់តែឡើងកម្ដៅម្ដងទៀតនាពេលថ្មីៗនេះ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក ស៊ូលីវ៉ាន បានប្រាប់អ្នកយកព័ត៌មានថ្មីៗនេះថា ដំណើរទស្សនកិច្ចរបស់លោក បៃដិន តំណាងឱ្យ «ជំហានគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងទំនាក់ទំនងការទូតរបស់យើង» និងឆ្លុះបញ្ចាំងពី «តួនាទីនាំមុខ» ដែលវៀតណាមនឹងដើរតួក្នុងភាពជាដៃគូរបស់សហរដ្ឋអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក។
លោកបន្តថា ៖ «អស់ជាច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិក និងវៀតណាម បានធ្វើការដើម្បីយកឈ្នះលើការឈឺចាប់ដែលបន្សល់ទុកពីសង្រ្គាមវៀតណាមដោយធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការផ្សះផ្សា ដោយមានទាហាន និងអតីតយុទ្ធជនរបស់យើងបំភ្លឺផ្លូវ»។
គួរបញ្ជាក់ផងដែរថា កន្លងមក ទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យបង្កើនទំនាក់ទំនងជាមួយទីក្រុងហាណូយទៅជាភាពជាដៃគូ «យុទ្ធសាស្ត្រ» ពីត្រឹមតែជាដៃគូ «គ្រប់ជ្រុងជ្រោយ»។ យ៉ាងណាមិញ វៀតណាមបានប្រយ័ត្នប្រយែងដោយសារហានិភ័យនៃការប្រឆាំងពីចិន ដែលជាប្រទេសជិតខាងដ៏ធំ និងជាដៃគូពាណិជ្ជកម្មសំខាន់មួយ៕


ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក