គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចការសាងសង់បានប្រមាណជាង ៦៣ភាគរយ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា។
បើតាមអ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ក្រុមហ៊ុនបានប្តេជ្ញាចិត្តខ្ពស់ នឹងសម្រេចការងារសាងសង់នេះឱ្យបាន៩០% នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣។
លោកបន្តថា «ការងារសាងសង់គម្រោងទាំងមូល គ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរ ការជាផ្លូវការនៅខែតុលា ឆ្នាំ ២០២៣ ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ (យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ AIAI )»។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E មានផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុតសម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ៣៨។ អាកាសយានដ្ឋាននេះ អាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នក ដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់ នៅក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប – អង្គរ ត្រូវបាន សាងសង់ ដោយ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd(AIAI) នៅលើ ផ្ទៃដី ៧០០,០៦ ហិកតា ដែលមាន ទុនវិនិយោគ ប្រមាណ ៨៨០ លាន ដុល្លារ និងបានបើកការដ្ឋាន កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០៕



ដោយគីរីដងរែក




