កំពត៖ អភិបាលខេត្តកំពតបានលើកឡើងថា សហគមន៍នេសាទ គឺជាធនធានធម្មជាតិមួយមិនអាចកាត់ថ្លៃបាន។ វាជាអណ្តូងទឹក ជាថ្នាលស្រែ និងជាឆ្នាំងបាយសម្រាប់ប្រជានេសាទ។ ដូច្នេះអាជ្ញាធរ មន្ត្រីជនាញពាក់ព័ន្ធ ត្រូវរួមសហការជាមួយបងប្អូនប្រជានេសាទ ចូលរួមការពារថែរក្សាសម្បត្តិធនធានធម្មជាតិនេះឱ្យបានគង់វង្សយូរអង្វែង ដើម្បីបន្តដល់ក្មេងជំនាន់ក្រោយ។
ការលើកឡើងឡើងបែបនេះរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅក្នុងពិធិចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយគ្រួសារប្រជានេសាទចំនួន១.១៥៤នាក់ មកពី សហគមន៍នេសាទត្រពាំងសង្កែ និងសហគមន៍នេសាទកំពង់សាមគ្គី ក្នុងស្រុកទឹកឈូ ខេត្តកំពតខេត្តកំពត កាលពីថ្ងៃទី0៤ ខែធ្នូ ឆ្នាំ២០២១។
លោក ម៉ៅ ធនិន បានមានប្រសាសន៍ថា ខេត្តកំពតមានធនធានធម្មជាតិសមុទ្រល្អណាស់ ពិសេសមានឆ្នេរ និងព្រែក ឬដៃសមុទ្រច្រើន ហ៊ុមព័ទ្ធទៅដោយព្រៃកោងកាងដែលជាជម្រកជីវៈចម្រុះដ៏ស្រស់ស្អាត។ ខេត្តកំពតមានតំបន់សហគមន៍នេសាទ ដើម្បីអភិរក្សធនធានធម្មជាតិសមុទ្រ ដល់ទៅ៧កន្លែង។ សហគមន៍នេសាទទាំងនោះមានតម្លៃណាស់ វាជាអណ្តូងទឹក វាស្រែ ជាឆ្នាំងបាយ និងជាជង្រុកនៃភោគផលនេសាទ ដែលទាមទាឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាថែរក្សាការពារឱ្យបានយូរអង្វែង។
ក្នុងឱកាសនោះអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់សមត្ថកិច្ច មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកចំពោះសុខទុក្ខរបស់បងប្អូនប្រជានេសាទ ហើយមិនត្រូវឱ្យមានការយកប្រាក់ ជាប្រចាំថ្ងៃ ប្រចាំខែនោះទេ ហើយក៏កុំឱ្យមានប័ណ្ណស ប័ណ្ណផ្កាឈូកអ្វីនោះដែរ។
លោកអភិបាលខេត្តក៏បានបញ្ជាក់ថា សហគមន៍នេសាទទាំងនេះ បច្ចុប្បន្ននឹងទៅអនាគតគឺនឹងត្រូវរៀបចំឱ្យក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញទេសចរណ៍មកកម្សាន្តខេត្តកំពតឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងគោលបំណង់រួមចំណែកលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋទូទៅ ពិសេសបងប្អូនប្រជាសហគមន៍នៅក្នុងខេត្តកំពត៕