(វៀថចន្ទន៍)៖ ក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។ ពិធីប្រកាសជ័យលាភីនេះធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេសនិងអង្គការដៃគូមួយចំនួន។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានឱ្យដឹងថាលទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់រូប អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងខេត្តកែប ដែលនេះជា មោទនភាព សម្រាប់ ខេត្តកែប និង ព្រះរាជាណាចក្រ កម្ពុជាទាំងមូលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ថ្នាក់ដឹកនាំមន្ត្រីរាជការនិងប្រជាពលរដ្ឋទូទាំងខេត្តកែបក៏បានចូលរួមអរអរសាទរចំពោះការទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះដែរ៕













ដោយគិរីដងរែក




