(ប៉ារីស)៖ អតីតខ្សែបម្រើស្លាបរបស់ក្លិបខ្លារខិន Bayern Munich និងក្រុមជម្រើសជាតិបារាំង កីឡាករ Franck Ribery បានប្រកាសពីការចូលនិវត្តន៍របស់លោកពីវិស័យបាល់ទាត់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។
កីឡាករវ័យ ៣៩ឆ្នាំរូបនេះ បានបញ្ចប់កិច្ចសន្យារបស់លោកជាមួយក្លិប Salernitana ដែលលេងនៅលីគកំពូលអ៉ីតាលី Serie A បន្ទាប់ពីតស៊ូជាមួយបញ្ហាជង្គង់។
លោកបានស៊ុតបញ្ចូលទី ១២៤គ្រាប់ និងបានជួយក្រុមរកគ្រាប់បាល់បាន ១៨២គ្រាប់ ក្នុងការបង្ហាញខ្លួន ៤២៥ប្រកួតសម្រាប់ក្លិប Bayern ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៩ និងបានឈ្នះពានរង្វាន់អឺរ៉ុប UEFA Champions League ក្នុងឆ្នាំ២០១៣ និងឈ្នះពានរង្វាន់ Bundesliga ចំនួន ៩លើកផងដែរ។
កីឡាករសញ្ជាតិបារាំងរូបនេះ បានចូលរួមជាមួយ Bayern ក្នុងតម្លៃ ១៧លានផោន ដោយផ្ទេរពីក្លិបក្នុងស្រុក Marseille កាលពីខែមិថុនា ឆ្នាំ២០០៧ គឺ ១ឆ្នាំបន្ទាប់ពីលោកជាផ្នែកមួយនៃក្រុមជម្រើសជាតិបារាំង ដែលបានបញ្ចប់ក្នុងនាមជាក្រុមជើងឯករង ឈរនៅពីក្រោយក្រុមជម្រើសជាតិអ៉ីតាលី នៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦ នៅប្រទេសអាល្លឺម៉ង់។
ដោយធ្លាប់ជាប់ជាកីឡាករបារាំងឆ្នើមប្រចាំឆ្នាំចំនួន ៣លើកផងនោះ Franck Ribery បានស៊ុត ១៦គ្រាប់ និងបញ្ជូនបាល់បាន ២៥គ្រាប់ ក្នុងការលេងឲ្យក្រុមជម្រើសជាតិមាន់គកបារាំង ៨១លើក មុនពេលប្រកាសការចូលនិវត្តន៍ពីតួនាទីអន្តរជាតិរបស់លោកក្នុងឆ្នាំ២០១៤ បន្ទាប់ពីខកខានការប្រកួតក្នុងព្រឹត្តិការណ៍ World Cup ដោយសាររបួសខ្នង៕




ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក




