28.5 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

អង្គការ NATO ព្រួយបារម្ភចំពោះភាពវិវត្តន៍បំលាស់ទី Wagner

- Advertisement -spot_img

ការបំលាស់ទីរបស់ក្រុម Wagner មកកាន់ប្រទេសបេឡារុស បានធ្វើឱ្យអង្គការណាតូព្រួយបារម្ភខណៈដែលយុទ្ធនាការ Counter Offensive នៅអ៊ុយក្រែន មិនបានលទ្ធផលល្អដូចតាមការរំពឹងទុក។

ការវាយលុកដណ្តើមយកទឹកដីរបស់អ៊ុយក្រែនមានរយៈពេលជិតមួយខែមកហើយ ប៉ុន្តែលទ្ធផលបានខុសនឹងក្តីរំពឹងទុក។ សេចក្តីរាយការណ៍ខ្លះបានបង្ហាញថាអ៊ុយក្រែន នឹងអាចសម្រេចបាននូវបំណងរបស់ខ្លួនតាមយុទ្ធនាការ Counter Offensive ប៉ុន្តែសេចក្តីរាយការណ៍ដទៃបង្ហាញថា ពេលវេលានឹងមិនរង់ចាំយូរចំពោះអ៊ុយក្រែននោះទេ និងថាក្តីរំពឹងនៃការចរចាមួយនឹងអាចកើតឡើងក្នុងរង្វង់ខែកក្កដាខាងមុខនេះ។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះទៀត មេបញ្ជាការកងកម្លាំងអ៊ុយក្រែននៅខ្សែបន្ទាត់ជួរមុខភាគខាងត្បូង លោកឧត្តមសេនីយ៍ អូឡេកសានដ្រ៍ តាណាវស្គី (Oleksandr Tarnavskyi) បាននិយាយថាកងកម្លាំងអ៊ុយក្រែន «កំពុងឆ្ពោះទៅមុខ» ក្នុងទិសដៅភាគខាងត្បូង។ ប៉ុន្តែសេចក្តីរាយការណ៍ដទៃទៀតបានបង្ហាញថាក្នុងការវាយបក ដណ្តើមទឹកដីក្នុងរយៈពេលជិតមួយខែមកនេះ ទឹកដីទំហំប្រមាណ១១៣គីឡូម៉ែត្រក្រឡាទើបបានរំដោះ។ រុស្ស៊ីនៅមុនឆ្នាំ២០២២ បានកាន់កាប់ទឹកដីភាគខាងកើត អ៊ុយក្រែនរួមមានតំបន់គ្រីមៀរ និងតំបន់ដុនបាសនាពេលនោះទំហំ៤២ពាន់គីឡូម៉ែត្រក្រឡា និងក្រោយមកបន្ទាប់ពីបានធ្វើសង្គ្រាមចូលលុកលុយក្នុងរូបភាពប្រតិបត្តិការ ការសន្តិភាពនោះមក បានកាន់កាប់បន្ថែមទឹកដីទំហំ១១ម៉ឺន៩ពាន់គីឡូ ម៉ែត្រក្រឡាថែមទៀត។ ដូច្នេះទំហំទឹកដីដែលរុស្ស៊ីបានកាន់កាប់ទាំងអស់មានសរុប១៦ម៉ឺន ១ពាន់គីឡូម៉ែត្រក្រឡាដែលស្មើនឹងជិត២៧ភាគរយនៃទឹកដីរបស់អ៊ុយក្រែនទាំងមូល។

របាយការណ៍បង្ហាញថារយៈពេល២៤ថ្ងៃនៃការធ្វើយុទ្ធនាការ Counter Offensive ជាមួយនឹងអាវុធទំនើបនៃជំនួយរបស់ក្រុមបស្ចឹមប្រទេស និងទើបបានរំដោះប្រមាណ ១១៣គីឡូម៉ែត្រក្រឡា ពីរុស្ស៊ីនោះ គឺជាទំហំតិចតួចណាស់ខណៈការបាត់បង់ជីវិតមនុស្ស និងអាវុធយុទ្ធភណ្ឌមានច្រើនលើសលុប។ សេចក្តីរាយការណ៍ដកស្រង់ ការផ្សាយរបស់ទូរទស្សន៍រដ្ឋអាល្លឺម៉ង់ ARD បានរាយការណ៍ថាការចរចាស្វែងរកសន្តិភាពមួយនឹងអាចលេចឡើងនៅក្នុងរង្វង់ខែកក្កដាខាងមុខនេះ ខណៈលទ្ធផលលើ ការវាយបក Counter Offensive បានបង្ហាញនូវភាពមិនធ្វើដំណើរទៅមុខបានល្អនោះឡើយ។

ភាពមិនអាចធ្វើដំណើរទៅមុខដោយជោគជ័យបាននៅលើសមរភូមិបានធ្វើឱ្យអ៊ុយក្រែននិងប្រទេសលោកខាងលិចដែលជាអ្នកគាំទ្រមានភាពអៀនខ្មាសជាខ្លាំងដែលមិន អាចបំបាក់រុស្ស៊ីដោយអាវុធទំនើបរបស់ខ្លួននោះបាន។ អ៊ុយក្រែនដែលបានចាប់ផ្តើមការវាយបករបស់ខ្លួនតាំងពីថ្ងៃទី៤ ខែមិថុនា ត្រូវគេរាយការណ៍ នៅថ្ងៃទី២៧មិថុនា បញ្ជាក់បន្ថែមថាអាចដណ្តើមបានកូនភូមិចំនួនតែ៩ប៉ុណ្ណោះបើទោះបីជាមានការជួយផ្គត់ផ្គង់អាវុធទំនើបយ៉ាងណាពីក្រុមបស្ចឹមប្រទេសនិងសហរដ្ឋអាមេរិកក្តី។

នៅជាមួយគ្នានេះដែរ ស្ថានការណ៍វិវត្តន៍យ៉ាងលឿនដែលនាំឱ្យមានក្រុមទាហានស៊ីឈ្នួល Wagner បានដាក់ពង្រាយកម្លាំងរបស់ខ្លួនទាំងអស់ក្នុងទឹកដីបេឡារុស បាននាំឱ្យសមាជិកអង្គការណាតូនាតំបន់ភាគខាងកើតបានផ្អើលជ្រួលច្របល់។ ប្រទេសលីទុយអានី ដែល ជាសមាជិករបស់អង្គការណាតូនិងជាប្រទេសដែលស្ថិតជាប់ព្រំដែននឹងប្រទេសបេឡារុស បានស្នើជម្រុញអង្គការណាតូត្រូវប្រញាប់ពង្រឹងមុខព្រួញស្លាបខាងកើតរបស់ ណាតូ។

ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីត្រូវគេរាយការណ៍ថាបាននាំគ្នាបះបោរប្រឆាំងរដ្ឋាភិបាលរុស្ស៊ី និងពួកគេបំរុងលើកគ្នាធ្វើដំណើរទៅកាន់ក្រុងម៉ូស្គូថែមទៀតប៉ុន្តែបន្ទាប់ពីមានការចោទប្រកាន់នូវអំពើបះបោរនិងក្បត់ជាតិ និងការព្រមានដាក់ទោសតាមច្បាប់នោះ, ក្រុមWagner ត្រូវបានប្រទេសបេឡារុសជួយសម្រុះសម្រួល ទទួលយកមកស្ថិតក្នុងប្រទេសបេឡារុសវិញ និងមេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីនក៏បានយល់ព្រមទម្លាក់ចោលការចោទប្រកាន់ទាំងអស់វិញផងដែរ។ ទំនាស់ដ៏ខ្លាំងក្លា ដែលអ៊ុយក្រែននិងប្រទេសលោកខាងលិច គិតថាជាភាពទន់ខ្សោយនៃចំណាត់ការរបស់រុស្ស៊ីនោះ ស្រាប់តែក្លាយជាបន្លានៅក្នុងភ្នែករបស់អង្គការណាតូនាពេលនេះ ទៅវិញ ខណៈដែលការវាយប្រហារ Counter Offensive របស់អ៊ុយ ក្រែនមិនបានបង្ហាញលទ្ធផលដូចតាមការរំពឹងទុករបស់ក្រុមអង្គការណាតូនោះឡើយ។

ប្រភព Zawya ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img