រាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥៖ អង្គការប៉ាសឺរ៉ែល នុយមេរិក ព្រមទាំងដៃគូ ប្រមាណ ២០ស្ថាប័នបានរួមគ្នារៀបចំ ពិធីពិព័រណ៍ការងារ និងការសិក្សា លើកទី៨ ក្រោមប្រធានបទ «អភិវឌ្ឍជំនាញ ដើម្បីកសាងអនាគត» ដើម្បីបង្កើនឱកាសការងារដល់និស្សិត ជាមួយនឹងការរំពឹងទុកនៃអ្នកចូលរួមប្រមាណ ៥០០នាក់។

ពិធីពិព័រណ៍ការងារ និងការសិក្សា លើកទី៨ ដែលត្រូវបានរៀបចំឡើងរយៈពេលមួយថ្ងៃពេញ មានគោលបំណងបង្កើតឱកាសដល់និស្សិតនៅ មជ្ឈមណ្ឌលនៃ អង្គការប៉ាសឺរ៉ែល នុយមេរិក និងសិស្សានុសិស្ស និស្សិតមកពីបណ្តាគ្រឹះស្ថានអប់រំផ្សេងៗទៀត បានជួប បង្កើតទំនាក់ទំនងជាមួយនឹងតំណាងនិយោជកមកពី ស្ថាប័នឯកជន រដ្ឋ អង្គការមិនរកប្រាក់ចំណេញ ក្រុមហ៊ុន គ្រឹះស្ថានអប់រំនានា ធ្វើការស្វែងយល់ និងទទួលបានបទពិសោធបន្ថែមដែលជាទុនត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត។

តាមរយៈប្រធានបទ «អភិវឌ្ឍជំនាញ ដើម្បីកសាងអនាគត» ពិព័រណ៍ការងារ និងការសិក្សា លើកទី៨ ឆ្នាំ២០២៥ បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការផ្តល់ឱ្យយុវជននូវជំនាញផ្សេងៗក្រៅពីជំនាញបច្ចេកទេស ដែលរួមមានជំនាញចេះបត់បែន ក៏ដូចជាផ្តត់គំនិតបែបនវានុវត្តន៍សម្រាប់អាជីពដែលកំពុងលូតលាស់ឥតឈប់ឈរ។ ព្រឹត្តិការណ៍នេះមានគោលបំណងឱ្យនិស្សិតមានភាពម្ចាស់ការកាន់តែច្រើន និងត្រៀមខ្លួនឱ្យបានរួចជាស្រេចសម្រាប់ការស្វែងរកអាជីព ក៏ដូចជាបង្ហាញពីឆន្ទៈរបស់ អង្គការប៉ាសឺរ៉ែល នុយមេរិក ក្នុងការលើកកម្ពស់យុវជនតាមរយៈការបណ្តុះបណ្តាលជំនាញ និងឱកាសការងារ។

សកម្មភាពនៅក្នុងពិព័រណ៍ការងារ និងការសិក្សា លើកទី៨ ត្រូវបានរួមបញ្ចូលទាំងការដាក់តាំងពិព័រណ៍តាមស្តង់នៃស្ថាប័នក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ សកលវិទ្យាល័យ ការផ្តល់បទសម្ភាសភ្លាមនៅនឹងកន្លែងពីសំណាក់និយោជក ការផ្តល់មតិត្រលប់ទៅលើប្រវត្តិរូបការងារ CV ភ្លាមៗពីអ្នកជំនាញ ការចូលរួមស្តាប់ និងសួរសំណួរទៅកាន់វាគ្មិនល្បីៗនិងប្រកបដោយជំនាញនៅក្នុងវគ្គធ្វើបទបង្ហាញលើប្រធានបទពាក់ព័ន្ធនឹងការត្រៀមខ្លួនសម្រាប់អាជីព ក៏ដូចជាកិច្ចពិភាក្សាតុមូលជាដើម។

ពិធីពិព័រណ៍ការងារ និងការសិក្សា លើកទី៨ ក៏មានការចូលរួមជាអធិបតី និងគណៈអធិបតីពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងសហការឧបត្ថម្ភគាំទ្រជាថវិកាដោយក្រុមហ៊ុន នីអូខមអាយអេសភី លីមីតធីត (អិនធីស៊ី) ក្រុមហ៊ុន Proseth Solutions ក្រុមហ៊ុន ហ្វឺស ខេមបូឌា និងក្រុមហ៊ុន Sourceamax Asia Co.,Ltd។

អំពីអង្គការប៉ាសឺរ៉ែល នុយមេរិក កម្ពុជា
អង្គការប៉ាសឺរ៉ែល នុយមេរិក ត្រូវបានបង្កើតឡើងនៅដំបូងនៅរាជធានីភ្នំពេញ នៅឆ្នាំ ២០០៥ ហើយបានក្លាយជាអង្គការ អន្ដរជាតិ ដែលបានពង្រីក មជ្ឈមណ្ឌលចំនួន ៤ នៅអាស៊ីអាគ្នេយ៍ និងអាហ្វ្រិក។ តាមរយៈ បេសកកម្មរបស់ខ្លួន ក្នុងការផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិតប្រមាណ ៧៥នាក់ជារៀងរាល់ឆ្នាំ លើជំនាញឌីជីថល និងបច្ចេកវិទ្យា IT ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក អង្គការប៉ាសឺរ៉ែល នុយមេរិក កម្ពុជាបាន៖
- បណ្ដុះបណ្ដាលសិស្សជាង ២,០០០ នាក់
- ជម្រុញអត្រាទទួលបានការងារធ្វើរហូតដល់ ៩២% ក្នុងរយៈពេលត្រឹមពីរខែបន្ទាប់ពីការបញ្ចប់ការសិក្សា
- លើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យព័ត៌មានបច្ចេកវិទ្យា (IT) ដោយផ្តល់ឱកាសអប់រំនិងការងារដល់និស្សិត និងអតីតនិស្សិត ជាង ៥០% ជាស្ត្រី
- ជាអង្គការឈានមុខលើការបណ្តុះបណ្តាលឌីជីថលដ៏មានគុណភាពសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ អង្គការ ប៉ាសឺរ៉ែល នុយមេរិក កម្ពុជា បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការផ្តល់ឲ្យយុវជន ខ្វះខាតនូវអនាគតដ៏ប្រសើរតាមរយៈការអប់រំឌីជីថល និងឱកាសការងារ៕









ទំនាក់ទំនងព័ត៌មាន៖
កញ្ញា ឡេង ស្រីនិច អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង នៃអង្គការប៉ាសឺរ៉ែល នុយមេរិក កម្ពុជា
ទូរស័ព្ទ៖ ០៨៦ ២១៦ ៥២០ / អ៊ីមែល៖ sreynich.leng@passerellesnumeriques.org
● ព័ត៌មានបន្ថែមអំពី Passerelles Numériques
● តំណភ្ជាប់ទៅរបៀបវីរៈ និងទស្សនទានជាភាសាខ្មែរ
ដោយគិរីដងរែក




