បើមិនមានការប្រែប្រួលទេនោះនៅវេលាម៉ោង ១០ៈ០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នាវា កងទ័ពជើងទឹក ចក្រភពអង់គ្លេស ចំនួន ០១ គ្រឿង នឹង ចូលចតរយៈពេល ៥ ថ្ងៃនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវានេះមានឈ្មោះ HMS SPEY-(P234) គោលបំណងនៃការចូលចតនេះ ដើម្បីទស្សនកិច្ច, ពង្រឹងនិងរិតចំណងមិត្តភាព និងធ្វើលំហាត់រួមគ្នារវាង កងទ័ពជើងទឹកប្រទេសទាំងពីរ (លំហាត់ពន្លត់អគ្គីភ័យ, លំហាត់ទប់ទឹកលើនាវាពេលមានអាសន្ន និងលេងកីឡា)។
មន្ត្រីយោធាកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមបានប្រាប់ថា នាវានេះចូលចត រយៈពេល៥ថ្ងៃ (គិតចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ នាវា ឈ្មោះ HMS SPEY – (P234) មានបណ្ដោយ 90.4m ទទឹង 13.5m
ជម្រៅ ទឹក 4.3m ទំងន់ ផ្ទុក 2000 tons និងមាននាវិក 67នាក់ ដឹកនាំដោយ មេបញ្ជាការនាវា លោក វរនាវីទោ ម៉ែក ប្រោកមែន។
យោងតាមកម្មពិធីដែលបានព្រៀងទុកនៅក្នុងដំណើរទស្សនកិច្ចនេះ បន្ទាប់ពីនាវាចូលចតរូចនៅព្រឹកថ្ងៃទី១៣ ភាគីអង់គ្លេស ដឹកនាំដោយលោក វរសេនីយ៌ឯក ដេមីម័រេ សេនានុព័ន្ធយោធាអង់គ្លេស នឹង ចូលជួបសំដែងការគួរសមជាមួយ លោកឧត្តមនាវីឯក អ៊ុកសីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្ររាម នៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម។លុះនៅរសៀលថ្ងៃដដែល ភាគីអង់គ្លេសបានរៀបចំកម្មពិធីជាច្រើននៅលើនាវា ភាគីអង់គ្លេស និង អញ្ជើញ លោក ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជារងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្ររាមចូលទស្សនកិច្ចនិងពិសាអាហារពេលល្ងាចនៅលើនាវា។និងនៅរសៀលថ្ងៃទី ១៤កុម្ភៈភាគីអង់គ្លេសគោរពអញ្ជើញសម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិចូលទស្សនកិច្ចនិងពិសាអាហារថ្ងៃត្រង់នៅលើនាវា៕


ដោយគិរីដងរែក




