ខេត្តសៀមរាប៖នារីដ៏ស្រស់ស្អាតវ័យក្មេងម្នាក់ត្រូវបានការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តសៀមរាប សហការជាមួយកងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីលួចលុយរបស់អាជីវករម្នាក់ជាង ៥ពាន់ដុល្លារ។
របាយការណ៍របស់លោក សៀក សោភា នាយការិយាល័យ ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានឲ្យដឹងថានៅវេលាម៉ោង៨:៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ មានករណី រំលោភលើទំនុកចិត្ត កើតមាននៅចំណុចតូបលក់ចាបហួយ មួយកន្លែង ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
របាយការណ៍បន្តថា ជនរងគ្រោះឈ្មោះ តាន់ សុផល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានដឹកជនសង្ស័យ ម្នាក់ ឈ្មោះ វេត ចរិយ៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកលក់ដូរ (លក់ចាបហួយ អោយខ្លួនគេ បានមកដាក់ពាក្យបណ្ដឹង ទៅលើជនសង្ស័យថា បានលួចប្រាក់របល់ខ្លួន ចំនួន៥៥០០ដុល្លារអាមេរិក។
របាយការណ៍បានបញ្ជាក់ថាកម្លាំងជំនាញបានធ្វើការស្ដាប់ចម្លេីយ ទៅលើ ឈ្មោះ វេត ចរិយ៉ា ភេទស្រី អាយុ១៨ឆ្នាំ ហើយជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានយកប្រាក់របស់ឈ្មោះ តាន់ សុផល ជាមួយមិត្តភក្តិរបស់គេឈ្មោះ ម៉ុន ចាន់ធឿន ភេទស្រី ពិតប្រាកដមែន។ ដោយប្រាក់ដែលខ្លួនយកគឺជាប្រាក់លក់គ្រឿង ចាបហួយ បាន ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល១ខែកន្លងមក សរុបទឹកប្រាក់ចំនួន៥៥០០ដុល្លារអាមេរិក ពិតប្រាកដមែន។
បើយោងតាមរបាយការណ៍បានបង្ហាញថា ករណីខាងលើត្រូវបានលោក ស្រី វ៉ា សក្កា ព្រះរាជអាជ្ញាស្តីទីបញ្ជាអោយការិយាល័យព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីអនុវត្តតាមផ្លូវច្បាប់៕
ដោយគីរីដងរែក