28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

«ស្នាម​ញញឹម​នៃ​កម្ពុជា»

- Advertisement -spot_img

ព្រឹត្តិការណ៍ «ស្នាម​ញញឹម​នៃ​កម្ពុជា» នឹង​ចាប់​ផ្ដើម​នៅ​ខេត្ត​សៀមរាប​នៅ​សប្ដាហ៍​ក្រោយ​នេះ​ ដែល​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ផលិត​មាតិកា​ចូលរួម​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍ វប្បធម៌​ ប្រពៃណី​ខ្មែរ អម​ជាមួយ​នឹង​ការផ្ដល់​ឱកាស​ឲ្យ​ភ្ញៀវទេសចរ​ភ្លក់​រស់​ជាតិ​ម្ហូប​ខ្មែរ​ដ៏​ឈ្ងុយ​ឆ្ញាញ់។

«ស្នាម​ញញឹម​នៃ​កម្ពុជា» គឺជា​ព្រឹត្តិការណ៍​រៀបចំ​ឡើង​ដោយ​សមាគម​សិល្បករ​ខ្មែរ​ ចាប់​ពី​ថ្ងៃទី១២ ដល់​ទី១៦ ក្នុង​ទឹកដី​ខេត្ត​សៀមរាប ដើម្បី​លើក​កម្ពស់​ការ​ទស្សនា​តំបន់​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្ត​ដែល​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​មួយ​នេះ។

ព្រឹត្តិការណ៍​នេះ​ជា​ផ្នែក​មួយ​នៃ​«ទស្សនា​សៀមរាប​ ឆ្នាំ​២០២៤» ដែល​ដាក់​ចេញ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពី​ដើម​ឆ្នាំ​នេះ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​នេះ​ងើប​ឡើង​វិញ បន្ទាប់​ពីរង​ផលប៉ះពាល់​យ៉ាង​ដំណំ​ពី​ជំងឺ​កូវីដ១៩។

បើ​តាម​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ពិធី​នេះ​នឹង​រៀបចំ​នៅលើ​អតីត​ទីស្នាក់​ការ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​រមណីដ្ឋាន​អង្គរ ដែល​រួម​មាន ​កម្មវិធី​កម្សាន្ត​ ការ​បង្ហាញ​ពិព័រណ៍​ខ្នាត​តូច​នៃ​មុខ​ម្ហូប​ខ្មែរ ​បង្កើត​នូវ​ស្នា​ដៃ​ផ្សព្វផ្សាយ​ពី​វប្បធម៌ ​​និង​កម្មវិធី​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដើម្បី​ជា​ស្នាម​ញញឹម​ដល់​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ចូល​រួម​កម្សាន្ត។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ។

លោក សេត គឹមសឿន ទីប្រឹក្សា​សមាគម​សិល្បករ​ខ្មែរ​ បាន​ប្រាប់​ឋគិរិដងរ៉ែកថា៖ ចាប់​ពី​ថ្ងៃទី១២ ដល់​ទី១៤ ព្រឹត្តិការណ៍​នេះ​នឹង​ផ្ដោត​ទៅ​លើ​ការ​ផលិត​មាតិកា​របស់​អ្នក​ចូលរួម​ជួយ​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ខ្មែរ ដោយ​ផ្អែក​ទៅ​លើ​​ប្រធាន​បទ​ផ្សេងៗ​រាប់​ចាប់​ពី​វប្បធម៌ ប្រពៃណី សម្លៀក​បំពាក់​ តំបន់​ទេសចរណ៍ និង​ម្ហូប​អាហារ។

” សំរាប់​ថ្ងៃ​ទី១៥ គឺជា​ថ្ងៃ​ដែល​យើង​មាន​កម្មវិធី​ធំ ដូចជា​ការ​សម្ដែង​សិល្បៈ ការ​តាំង​ពិព័រណ៍ ការ​បង្ហាញ​ពី​មុខ​ម្ហូប​ខ្មែរ​ដែល​អាច​ឲ្យ​ភ្ញៀវទេសចរ​ដែល​មក​លេង​តំបន់​អង្គរ​អាច​ភ្លក់​រស់​ជាតិ​ម្ហូប​ខ្មែរ​ប្លែកៗ​និង​ឆ្ងាញ់ៗ​របស់​យើង” ។

សម្រាប់​ការ​ផលិត​មាតិកា​សម្រាប់​ផ្សព្វផ្សាយ លោក គឹមសឿន បញ្ជាក់​ថា​អ្នក​ចូលរួម​អាច​ជ្រើស​រើស​ប្រធានបទ ហើយ​អាចជ្រើស​រើស​ទីតាំង​ដែល​ពួក​គេ​ចង់​ថត។ ប៉ុន្តែ ខ្លឹមសារ​នៃ​មាតិកា​នីមួយៗ​នឹង​ទទួល​បាន​ការ​ផ្ដល់​មតិយោបល់​ពី​អ្នក​ជំនាញ​ជាមុន​សិន​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅលើ​វប្បធម៌។

លោកស្រី ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី៧ ខែសីហា​ថា ​កម្មវិធី​«ស្នាម​ញញឹម​នៃ​កម្ពុជា»​ គឺជា​ការចូលរួម​របស់​សមាគម​សិល្បករ​ខ្មែរ ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​​វិស័យ​សិល្បៈ​វប្បធម៌​ផង និង​​ផ្សារ​ភ្ជាប់​វិស័យ​នេះ​ទៅ​នឹង​វិស័យ​ទេសចរណ៍​ផងដែរ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img