យោងតាមកាសែត The Straits Times បានរាយការណ៍ថា យោធារបស់កោះតៃវ៉ាន់ បានប្រកាសផែនការដាក់បញ្ចូលស្ត្រីក្នុងវគ្គបណ្តុះបណ្តាលយោធាបម្រុង ជាលើកដំបូងក្នុងឆ្នាំនេះ។
យោងតាមក្រសួងការពារជាតិតៃវ៉ាន់, ការសម្រេចចិត្តនេះ នឹងអនុញ្ញាតឲ្យទាហានស្រីប្រហែល២០០នាក់ នឹងចុះឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាហានបម្រុងដោយស្ម័គ្រចិត្ត។
ការសម្រេចចិត្តអនុញ្ញាតឲ្យស្ត្រី ចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺនបម្រុង គឺកើតឡើងដោយសារតែយោធាតៃវ៉ាន់ មានគោលបំណងពង្រឹងកងទ័ព ស្របពេលប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិន។
ឧត្តមសេនីយ៍ Yu Wen-cheng នៃទីភ្នាក់ងារចល័តក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា នេះគឺជាឆ្នាំដំបូងហើយ ដែលស្ត្រីបានចូលរួមក្នុងការបណ្តុះបណ្តាលបម្រុង ដូច្នេះនឹងមានកម្មវិធីសាកល្បងនៅឆ្នាំនេះ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ មនុស្សប្រមាណ ១១៨ ០០០នាក់ ត្រូវបានគេរំពឹងថានឹងកោះហៅឲ្យមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលបម្រុង៕




ប្រភព India Posts English ប្រែសម្រួលដោយគីរីដងរែក




