ស៊ុយអែត៖អាជ្ញាធរស៊ុយអែតបានលើកឡើងកាលពីថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកាថា ការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដ៏អាថ៌កំបាំងកាលពីខែកញ្ញា ដែលធ្វើឲ្យបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅកាន់អឺរ៉ុប មិនអាចដំណើរការបាន។ ក្រោមលទ្ធផលស៊ើបអង្កេតបណ្ដោះអាសន្ន ការផ្ទុះបែកធ្លាយបំពង់បង្ហូរឧស្ម័ននេះបណ្តាលមកពីការប៉ុនប៉ងបំផ្ទុះដោយចេតនា នេះបើយោងតាមការរកឃើញនូវស្លាកស្នាម និងដាននៃគ្រឿងផ្ទុះមួយចំនួន។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតនៅមិនទាន់បានបញ្ចប់នៅឡើយទេ។
ព្រះរាជអាជ្ញាម្នាក់ឈ្មោះថា Mats Ljungqvist និងអង្គភាពសេវាសន្តិសុខស៊ុយអែត បានរាយការណ៍អំពីការត្រួតពិនិត្យរបស់ពួកគេលើបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 នៅក្នុងសមុទ្របាល់ទិក ដោយបានរកឃើញថា វាមានការខូចខាតយ៉ាងដំណំ ហើយពួកគេក៏បានបង្ហាញអំពីសំណល់ជាតិផ្ទុះដែលផលិតនៅបរទេសមួយចំនួនផងដែរ។ យ៉ាងណាក៏ដោយ ការលើកឡើងរបស់ពួកគេ មិនបានឆ្លើយតបទៅនឹង សំណួរដែលថា តើ នរណា ជា អ្នក ទទួលខុសត្រូវ ? ហើយ តើ ជនបង្ក ទៅ បំផ្ទុះនៅបាតសមុទ្របាន ដោយ របៀប ណា?
អង្គភាពសេវាសន្តិសុខស៊ុយអែតបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «ការងារវិភាគកម្រិតខ្ពស់កំពុងដំណើរការនៅឡើយ ដើម្បីអាចទាញការសន្និដ្ឋានឱ្យបានច្បាស់លាស់បន្ថែមទៀតអំពីឧប្បត្តិហេតុនៃបំពង់បង្ហូរឧស្ម័ន Nord Stream នេះ។ ការស៊ើបអង្កេតមានលក្ខណៈទូលំទូលាយ និងស្មុគស្មាញ ហើយពេលបញ្ចប់បេសកកម្មនេះ អាចនឹងបង្ហាញថាតើនរណាម្នាក់នឹងត្រូវបានសង្ស័យ ហើយក្រោយមក នឹងត្រូវបានកាត់ទោសចំពោះទង្វើនេះ»។
គួរដឹងដែរថា ការបំផ្ទុះបានកើតឡើងនៅភាគខាងត្បូងនៃដែនដីគោកប្រទេសស៊ុយអែត ត្រូវជាភាគខាងកើតនៃកោះ Bornholm របស់ប្រទេសដាណឺម៉ាក។ ការស៊ើបអង្កេតជាច្រើនកំពុងដំណើរការ ហើយអាជ្ញាធររបស់ដាណឺម៉ាក និងអាល្លឺម៉ង់ក៏បាននឹងកំពុងប្រមូលភស្តុតាងបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា មន្ត្រីអឺរ៉ុបបានចាប់ផ្តើមប្រើពាក្យ «ការប៉ុនប៉ងបំផ្ទុះដោយចេតនា» ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការផ្ទុះដំណាលគ្នាកាលពីចុងខែកញ្ញា។ អ្នកជំនាញផ្នែករញ្ជួយដីបានលើកឡើងថា «ទិន្នន័យបានចង្អុលបង្ហាញពីការផ្ទុះ។ វាមិនមែនជាការរញ្ជួយដីដែលកើតឡើងដោយធម្មជាតិ ឬការរអិលបាក់ដីនោះទេ»។ លើសពីនេះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ ខែកញ្ញាថា «ទាំងនេះគឺជាសកម្មភាពដោយចេតនា មិនមែនជាឧបទ្ទវហេតុនោះទេ»។
ដោយឡែក មេដឹកនាំអឺរ៉ុបបានចង្អុលទៅកាន់រុស្ស៊ីថា ជាតួអង្គតែមួយគត់ដែលមានសមត្ថភាពបច្ចេកទេស និងបំណងចង់បំផ្លាញបំពង់បង្ហូរ Nord Stream តាមរយៈការបំផ្ទុះនៅក្រោមបាតសមុទ្រ។
គួររំលេចឡើងផងដែរថា ការធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream មិន មាន ផល ប៉ះ ពាល់ ភ្លាមៗ ដល់ ការ ផ្គត់ ផ្គង់ ថាមពល របស់អឺរ៉ុបនោះ ទេ ព្រោះរុស្ស៊ី បាន កាត់ផ្តាច់ លំហូរ ឧស្ម័ន អំឡុងពេលដែល ទំនាក់ទំនងជាមួយអ៊ឺរ៉ុប កាន់តែ យ៉ាប់យ៉ឺនដោយសារបញ្ហា សង្គ្រាម នៅ អ៊ុយក្រែន។ ដូច្នេះហើយ កាលនោះបណ្តាប្រទេសដែលពឹងផ្អែកលើឧស្ម័នពីមុនរបស់រុស្ស៊ី បានព្យាយាមបង្កើតឃ្លាំងស្តុក និងរក្សាទុកនូវថាមពលជំនួសរួចស្រេចហើយ។
មេដឹកនាំ អឺរ៉ុប បានលើកឡើងថា ការបំផ្ទុះបំពង់ឧស្ម័ននេះ គឺមានគោល បំណង គំរាម កំហែង និងជា សារមួយបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ របស់ អ៊ឺរ៉ុបអាច នឹងងាយ រង គ្រោះ ប្រសិន បើ ពួកគេ បន្ត គាំទ្រ អ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក អ៊ឺរ៉ុបបានរឹតបន្តឹងសន្តិសុខជុំវិញតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបានជំរុញប្រតិបត្តិការកងទ័ពជើងទឹកឱ្យមានភាពសកម្មជាងមុន។
ទោះយ៉ាងណាក៏ដោយ រុស្ស៊ី បាន បដិសេធ ការ ទទួល ខុស ត្រូវ និងបាន ចោទ សួរបែបចំអកទៅកាន់ អឺរ៉ុបវិញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី បានចាប់ផ្តើមដំណើរការនីតិវិធីទៅតាមផ្លូវច្បាប់ចំពោះអំពើភេរវកម្មអន្តរជាតិមួយនេះ។
គួររម្លឹកឡើងវិញថា ក្រុមហ៊ុនថាមពលរុស្ស៊ី ឈ្មោះថា Gazprom បានបញ្ឈប់ការបង្ហូរឧស្ម័នតាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream 1 កាលពីដើមឆ្នាំនេះ ដោយលើកឡើងពីបញ្ហាបច្ចេកទេស ខណៈដែលមេដឹកនាំអឺរ៉ុបបានចោទប្រកាន់ទីក្រុងមូស្គូថា ទង្វើរបស់រុស្ស៊ីជាការគំរាមកំហែង។ ដោយឡែក សម្រាប់បំពង់បង្ហូរ Nord Stream 2 ដែលទើបនឹងសាងសង់ហើយថ្មី មិនទាន់ត្រូវបានអនុម័តឱ្យបើកដំណើរការនៅឡើយទេ ដោយសារអាល្លឺម៉ង់ បាន ផ្អាកគម្រោង នេះ ក្រោមហេតុផលបញ្ហា សង្រ្គាម នៅ អ៊ុយក្រែន។
គួរដឹងដែរថា ការផ្ទុះបំពង់បង្ហូរឧស្ម័នទាំងពីរ បានធ្វើឱ្យលេចធ្លាយឧស្ម័នមេតានដ៏ច្រើនបំផុតដែលមិនធ្លាប់មានទៅក្នុងបរិយាកាស។ ប៉ុន្តែ អ្នកជំនាញ ផ្នែក ថាមពល និង អាកាសធាតុ មិនបានគិតថា វា នឹង ជះឥទ្ធិពល ខ្លាំង ដល់ ការប្រែប្រួល អាកាសធាតុ នោះទេ៕







ប្រែសម្រួលដោយគីរីដងរែក




