“ចាប់ពីពេលនេះទៅ ក្លិបបាល់ទះក្នុងស្រុកត្រូវតែមានអាជ្ញាបណ្ណ ទើបអាចចូលរួមប្រកួតកម្មវិធី ឬពានរង្វាន់នានាបាន។” នេះជាការបញ្ជាក់ពីលោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលបានថ្លែងក្នុងកិច្ចសម្ភាសនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយដឹកនាំកូនក្រុជម្រើសជាតិមត្រឡប់ពីស៊ីហ្គេមនៅប្រទេសវៀតណាម ដែលកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ។
អគ្គលេខាធិការខាងលើបង្ហើបថា ចាប់ពីថ្ងៃទី០៨ ខែមិថុនា តទៅ សហព័ន្ធកីឡាបាល់ទះកម្ពុជានឹងរៀបចំការប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ដោយផ្ដោតលើកីឡាករវ័យក្មេង ហើយក្លិបដែលអាចចូលរួមបានត្រូវតែមានអាជ្ញាបណ្ណត្រឹមត្រូវ។ ចំពោះលក្ខខណ្ឌអាជ្ញាបណ្ណនោះ គឺមានការរួមចំណែកជាវិភាគទានដល់សហព័ន្ធ ទី២ ចុះឈ្មោះក្លិប និងកីឡាករក្នុងសហព័ន្ធ ដើម្បីងាយស្រួលគ្រប់គ្រង។ មិនតែប៉ុណ្ណោះ ក៏មានការរៀបចំការដោះដូរកីឡាករបានត្រឹមត្រូវពីក្លិបមួយទៅក្លិប ដើម្បីបង្ការភាពចម្រូងចម្រាស។
សង្កត់បន្ថែមពីលើការបង្កើតការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង នេះដែរ លោក អាំង សេរីពិសិដ្ឋ ជាស្ពានទៅបង្កើតធនធានមានគុណភាព ដើម្បីឆ្ពោះទៅរកការប្រកួតកម្រិតលីគដែលមហាជននិយមគាំទ្របាល់ទះតែងតែទន្ទឹងរង់ចាំ។ លោកថា មុនទៅដល់កម្រិតលីគ គឺត្រូវចាប់ផ្ដើមបោះជំហានពីតូចទៅមុនសិន។
ទាក់ទងទៅនឹងភាពជោគជ័យមួយជំហានដោយការឈ្នះមេដាយសំរឹទ្ធលើកដំបូងនៅស៊ីហ្គេមនេះ លោកអគ្គលេខាធិការដដែលទទូចថា វានឹងបង្ហាញឲ្យឃើញពីសក្ដានុពលបាល់ទះកម្ពុជា និងដាស់គូប្រជែងរួមតំបន់មិនឲ្យមើលស្រាលកម្ពុជាតទៅទៀត។
គួរបញ្ជាក់ថា បាល់ទះក្នុងសាលកម្ពុជាឈ្នះមេដាយសំរឹទ្ធជាលើកដំបូង ក្រោយឈ្នះថៃ ៣សិតទល់នឹង២ ក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣។ ក្នុងការប្រកួតវគ្គចែកពូល កម្ពុជាឈ្នះហ្វីលីពីន និងចាញ់ថៃ ទទួលបានលេខ២ក្នុងពូល B ហើយក៏បានចាញ់ម្ចាស់មេដាយមាសឥណ្ឌូនេស៊ី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ១សិតទល់នឹង៣៕
ដោយគីរីដងរែក