ភ្នំពេញ៖ យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទោះបីជាបើកឱ្យមានការចូលទស្សនាដោយផ្ទាល់ឡើងវិញ តែចំនួនមនុស្សត្រូវបានកាត់បន្ថយមកនៅត្រឹមពាក់កណ្ដាលនៃពហុកីឡដ្ឋាន។
ការប្រកួតជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ (AFF U23) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ។ សំបុត្រដែលនឹងដាក់លក់មានចំនួន ៤ប្រភេទដែលមាន ប្រភេទ១ តម្លៃ ៣០ ០០០រៀល ប្រភេទ២ តម្លៃ ២០ ០០០រៀល ប្រភេទ៣ តម្លៃ ១៤ ០០០រៀល និងប្រភេទ៤ តម្លៃ ៨ ០០០រៀល។
កម្ពុជាបើកព្រឹត្តិការណ៍បាល់ទាត់តំបន់ជាលើកដំបូងបន្ទាប់ពីបើកប្រទេសឡើងវិញ នៅទីលានប្រកួតនៅភ្នំពេញចំនួន២នឹងត្រូវជ្រើសរើសសម្រាប់ការប្រកួតនេះគឺពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍។
ចំពោះលទ្ធផលបែងចែកពូល ក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ។ រីឯពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី។
កម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំងដល់ពលរដ្ឋគោលដៅដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១៕
អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក