-(RFIថ្ងៃទី១៥ខែកុម្ភៈ) ក្រុមអង្គការសង្គមស៊ីវិលស្នើតុលាការកុំឱ្យចោទប្រកាន់លើអ្នកនាំពាក្យសមាគមការពារ សិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ។ ជុំវិញរឿងនេះ នាយកប្រតិបត្តិ នៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង លើកឡើងថា ការបញ្ចេញមតិរបស់ លោក ស៊ឹង សែនករុណា គឺក្នុងគោលដៅលើកកម្ពស់ ការ គោរពសិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ និងមិនមានចេតនាវាយប្រហារគណបក្សនយោបាយ ណាមួយនោះទេ ។ លោក ហេង គឹមហុង បន្តថា គណបក្សកាន់អំណាច ដែលជាដើមបណ្តឹងគួរដកពាក្យបណ្តឹង និង បើកចិត្តទូលាយ ដើម្បីជាការលើកកម្ពស់សេរីភាពបញ្ចេញមតិនៅកម្ពុជា ។

-(RFAថ្ងៃទី១៥ខែកុម្ភៈ) អាជ្ញាធរខណ្ឌកំបូល រាជធានីភ្នំពេញ បានស្ទាក់ដំណើរមិនឱ្យអតិថិជនទិញផ្ទះក្នុងបុរី ពិភពថ្មី ជិត ១០០នាក់ ដែលគ្រោងនាំគ្នាដើរដង្ហែទៅសុំអន្តរាគមន៍ដល់ផ្ទះអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ជុំវិញរឿងនេះ សង្គមស៊ីវិល ស្នើឱ្យភាគីទាំងពីរ គួរតែបើកកិច្ចចរចា ដើម្បីសម្របសម្រួលរកដំណោះស្រាយរួមមួយ ដែលអាចទទួលយកបានទាំងអស់គ្នា ។

-(RFAថ្ងៃទី១៥ខែកុម្ភៈ) អាជ្ញាធរខេត្តមណ្ឌលគិរី ចេញបញ្ហាឲ្យក្រុមឈ្មួញដែលធ្វើអាជីវកម្មរ៉ែមាស នៅឃុំចុង ផ្លាស់ ស្រុកកែវសីមា បញ្ឈប់ការប្រើប្រាស់សារធាតុគីមី និងសម្ភារៈមានសារធាតុផ្ទុះគ្រប់ប្រភេទ ដើម្បីទាញយករ៉ែមាស បែបអនាធិបតេយ្យតទៅទៀត ។ ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ថា ការធ្វើ អាជីវកម្មរ៉ែមាស ដែលប្រើប្រាស់ សារធាតុគីមី និងសារធាតុផ្ទុះ បានបង្កឲ្យប៉ះពាល់បរិស្ថាន និងពលរដ្ឋ ដែលកំពុងរស់នៅជុំវិញតំបន់នោះ ដូច្នេះអាជ្ញាធរត្រូវតែចាត់វិធានការឲ្យបានតឹងរ៉ឹង ទៅលើក្រុមឈ្មួញនិងក្រុមហ៊ុន អាជីវកម្មរ៉ មាស ដោយមិនមានការអនុញ្ញាត និងមិនបានគោរពទៅតាមលក្ខខណ្ឌ ។

-(RFAថ្ងៃទី១៥ខែកុម្ភៈ) ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលលើកឡើងថា បញ្ហាក្មេងទំនើងបង្កហិង្សា និង បង្ហោះម៉ូតូនៅតាមទីសាធារណៈ បានធ្វើឱ្យប៉ះពាល់ការរស់នៅ និងការប្រកបរបរប្រចាំថ្ងៃរបស់ពួកគាត់ ។ ជុំវិញរឿង នេះ មន្ត្រីសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលពង្រឹងគោលនយោបាយលើវិស័យអប់រំ និងលើកកម្ពស់សីលធម៌សង្គម តាម រយៈការរឹតបន្តឹងច្បាប់គ្រប់គ្រងគ្រឿងស្រវឹង និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ដើម្បីទប់ស្កាត់បញ្ហាក្មេងទំនើង ដើរបង្កហិង្សានេះ កើតមានកាន់តែច្រើនឡើង ៕

ដោយគិរីដងរែក