28 C
Phnom Penh
Sunday, September 8, 2024
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មាន ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣

- Advertisement -spot_img

-(RFIថ្ងៃទី១៣ខែធ្នូ)រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រាប់ឱ្យមន្ត្រីខ្លួនចាំបាច់ត្រូវសហការជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ក្នុងការបំភ្លឺឱ្យពលរដ្ឋយល់ពីឧបាយកលញុះញង់ប៉ុនប៉ងរំខានការ បោះឆ្នោតអសកលឆ្នាំ២០២៤ខាងមុខ ។ តាមលោករដ្ឋមន្ត្រី បញ្ហាអសន្តិសុខក្នុងសង្គមដែលមានដូចជាបទល្មើសចារកម្ម អំពើមនុស្សឃាត សកម្មភាពអនាធិបតេយ្យផ្សេងៗ អាចក្លាយជាកម្មវត្ថុចោទប្រកាន់និងរិះគន់ផ្នែកនយោបាយ របស់ក្រុមប្រឆាំងរដ្ឋាភិបាល ។

-(VOAថ្ងៃទី១៣ខែធ្នូ) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១១ ខែធ្នូ បានសម្រេច ដំណាលគ្នាឲ្យគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ឆ្នាំ២០២៤ ។ បន្ទាប់ពីគ.ជ.ប ទទួលស្គាល់ដោយរលូន គណបក្សប្រឆាំងទាំងពីរ បានបង្កើនសកម្មភាពរារាំង និង អូសទាញអង្គបោះឆ្នោតជាង២ពាន់នាក់ ដែលជាក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សភ្លើងទៀន ខណៈគណបក្សឆន្ទៈ ខ្មែរ បានដើរតួនាទីជំនួសគណបក្សភ្លើងទៀន ដែលមិនមានសិទ្ធិចូលរួមបោះឆ្នោត ។

-(RFIថ្ងៃទី១៣ខែធ្នូ)បញ្ហាស្ត្រីក្នុងវិស័យសារព័ត៌មាន ត្រូវបានលើកយកទៅជជែកច្រើននៅក្នុងវេទិកាភាពចម្រុះ នៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាដែលរៀបចំដោយអង្គការយូនីស្កូ UNESCO នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ អ្នកចូល រួមភាគច្រើននៅក្នុងវេទិកាបានលើកឡើងថា ស្ត្រីប្រកបអាជីពជាអ្នកសារព័ត៌មាននៅកម្ពុជាមានតិចតួចបំផុតបើធៀបនឹង បុរស ។ នៅក្នុងបញ្ហានេះ ពួកគេបានអំពាវនាវឲ្យរដ្ឋាភិបាលក៏ដូចជាអង្គភាពសារព័ត៌មានផ្សេងៗត្រូវមានគោល នយោបាយលើកកម្ពស់ឲ្យស្ត្រីបានចូលបម្រើការងារផ្នែកព័ត៌មានឲ្យបានច្រើន ។

-(VOAថ្ងៃទី១៣ខែធ្នូ) សហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍អះអាងថា ក្រុមកូដករនឹងបន្តចេញធ្វើកូដកម្មពីខាង មុខក្រុមហ៊ុនដដែល ទោះបីថៅកែក្រុមហ៊ុនបានទទួលមរណភាពក៏ដោយក្តី ។ ក្រុមកូដករយល់ថា ក្រុមហ៊ុននេះនឹង មានអ្នកស្នងតំណែងថ្មី ហើយពួកគេរំពឹងថា ថៅកែក្រុមហ៊ុនដែលឡើងមកថ្មីនឹងមានឆន្ទៈដោះស្រាយបញ្ចប់វិវាទ ការងារដ៏រ៉ាំរ៉ៃនេះជាមិនខាន ។ ចំណែកអង្គការសង្គមស៊ីវិលក៏ទទូចឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ចេញមុខដោះ ស្រាយវិវាទការងារនេះឱ្យបានឆាប់ ដើម្បីរក្សាផលប្រយោជន៍ភាគីទាំងសងខាង ខណៈតំណាងក្រសួងការងារលើកទឹក ចិត្តឱ្យកូដករបន្តដាក់ពាក្យស្នើសុំការដោះស្រាយវិវាទការងារបន្ត ។

-(RFIថ្ងៃទី១៣ខែធ្នូ)តាមរយៈវិទ្យុបារាំងអន្តរជាតិនៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងការងារនិងប ណ្តុះបណ្តាលវិជ្ជាជីវៈ បានច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់កាសែត The Cambodia Daily ដែលចោទ ថា លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានកាត់ឆ្កៀលដីគម្របព្រៃឈើក្រុងបូកគោឱ្យទៅលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារធ្វើជាកម្មសិទ្ធិ ។ អ្នកនាំពាក្យក្រសួងការងារលោក កត្តា មិនបានបញ្ជាក់ថា បុគ្គលឈ្មោះ ហេង សួរ ដែលត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យចុះថ្ងៃទី៩ សីហាកាត់ឆ្កៀលផ្ទៃដីទំហំ ជាង៩១ហិកតាឱ្យនោះជាបុគ្គល ផ្សេងដែលមានឈ្មោះ ដូចគ្នានឹងរដ្ឋមន្ត្រីក្រសួងការងារលោកហេង សួរ ។

-(RFAថ្ងៃទី១៣ខែធ្នូ)តំណាងកូដករ និងសហជីពក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ លើកឡើងថា វាជារឿង អហោសិកម្មទៅហើយរវាងពួកគេ នឹងថៅកែក្រុមហ៊ុននេះ ដែលលោកទើបទទួលអនិច្ចកម្ម គឺពួកគេមិនចងគំនុំ ពួកគេចាត់ទុកថា អស់កម្មពៀរនឹងគ្នា បើទោះជាពួកគេអះអាងថា ថៅកែរូបនេះ បានរំលោភសិទ្ធិការងារពួកគាត់ធ្ងន់ធ្ងរ យ៉ាងណាក្តី ។ ជុំវិញរឿងនេះ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរដោះស្រាយវិវាទការងាររ៉ាំរ៉ៃនេះ បើ ទោះជាថៅកែក្រុមហ៊ុននេះទទួលអនិច្ចកម្មទៅហើយក្តី ។

-(RFAថ្ងៃទី១៣ខែធ្នូ)មន្ត្រីអង្គការសង្គមស៊ីវិលព្រួយបារម្ភពីសុខភាពរបស់មេធាវី និងជាអ្នកជំនាញវិទ្យា សាស្ត្រនយោបាយអន្តរជាតិ កញ្ញា សេង ធារី នៅក្នុងពន្ធនាគារ ក្នុងពេលកញ្ញាធ្វើកូដកម្មបង្អត់អាហារទាមទារឱ្យ តុលាការដោះលែងអស់រយៈពេលជិត ១សប្តារហ៍មកហើយ ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការបង្អត់អាហាររបស់ កញ្ញា សេង ធារី នេះ ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដែលមន្ត្រីពន្ធនាគារគួរតែយកចិត្តទុកដាក់ឱ្យបាន ខ្ពស់ ។ ជុំវិញរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារអះអាងថា សុខភាពរបស់កញ្ញា សេង ធារី ចាប់ផ្តើមចុះ ខ្សោយ ប៉ុន្តែ គ្រូពេទ្យបានត្រៀមឧបករណ៍ពេទ្យ ដើម្បីជួយដល់កញ្ញាហើយ ។

-(RFAថ្ងៃទី១៣ខែធ្នូ)គណបក្សប្រជាជនកម្ពុជាជ្រើសតាំងលោក លី យ៉ុងផាត់ ដែលសម្បូរទៅដោយរឿង អាស្រូវ រំលោភដីធ្លី និងសិទ្ធិមនុស្សធ្វើជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ របស់បក្ស ។ ជុំវិញរឿងនេះ សង្គមស៊ីវិល និងពលរដ្ឋ លើកឡើងថា ការជ្រើសតាំងលោក លី យ៉ុងផាត់ ជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិ ការហិរញ្ញវត្ថុនេះ នឹងធ្វើឱ្យប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាកាន់តែធ្លាក់ចុះ ដោយសារតែ លោក លី យ៉ុងផាត់ សម្បូររឿងអាស្រូវរំលោភដីធ្លី និងសិទ្ធិមនុស្ស ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img