ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល រួមជាមួយឯកឧត្តមប្រធាន អនុប្រធានស្ថាប័នជ៉ំវិញគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១២ ជូនដល់សិក្ខកាមដែលជាមន្ត្រីរបស់គណបក្សមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការមហាជនរបស់គណបក្ស មានចំនួនជាង១០០ នាក់ នៅវិមាន ៧ មករា រាជធានីភ្នំពេញ។
ក្នុងនាមគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល សម្តេចភក្តី សាយ ឈុំ សម្តែងនូវការសប្បាយរីករាយក្រៃលែង ដោយថ្ងៃនេះសម្តេចមានកិត្តិយសបានមកចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១២ នាពេលនេះ ។ សម្តេចក៏បានពាំនាំមកនូវជាមួយពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរដ៏ល្អបវរមហាប្រសើរពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា ពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានកិត្តិយសគណបក្ស ពីសំណាក់សម្ដេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់របស់គណបក្ស ជូនដល់អង្គពិធីទាំងមូល ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍ថា វគ្គអប់រំនយោបាយដែលកំពុងចាប់ផ្ដើមប្រព្រឹត្តទៅនេះ គឺស្របពេលដែលប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ បានរួបរួមគ្នាជាចលនាជាតិប្រកបដោយស្មារតីជាតិនិយមយ៉ាងលើសលប់ ដើម្បីចូលរួមគាំទ្រ និងអបអរសាទរការប្រារព្ធពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដ៏មហាឧឡារិកនៅទូទាំងប្រទេស កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ ។ ការសាងសង់ព្រែកជីកហ្វូណនតេជោនាពេលនេះ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបង្ហាញអំពីការដឹកនាំប្រកបដោយទស្សនវិស័យ និងការហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាយើង ក្នុងបុព្វហេតុជាតិ និងប្រជាជន ទាំងនាពេលបច្ចុប្បន្ន និងអនាគត ។ សមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្រ្តថ្មីដែលនឹងកើតឡើងនាពេលខាងមុខនេះ ក៏ជាសក្ខីភាពបញ្ជាក់ឲ្យឃើញច្បាស់ថា កម្ពុជាជាប្រទេសមានសុខសន្តិភាពរឹងមាំ មានឯកភាពជាតិ និងមានសេរីភាពពេញលេញក្នុងការកំណត់ជោគវាសនារបស់ខ្លួនដោយខ្លួនឯង និងដែលមានការគាំទ្រពីប្រជាជនកម្ពុជាគ្រប់ស្រទាប់នៃសង្គម ហើយកម្ពុជាក៏នឹងមិនរាថយឡើយក្នុងការការពារ និងកសាងប្រទេស ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនរបស់ខ្លួនផងដែរ ។
ជាមួយគ្នានេះ យើងគប្បីយល់ច្បាស់ថា ពួកប្រឆាំងជ្រុលនិយមមួយក្តាប់តូច នៅតែបន្តជំរុញសកម្មភាពឃោសនាបំភ្លៃការពិតអំពីសមិទ្ធផលនានាសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ដើម្បីឈានទៅបង្កការប្រទូសរ៉ាយនានាដែលជះឥទ្ធិពលអវិជ្ជមានមកលើសភាពការណ៍ទូទៅរបស់កម្ពុជា សំដៅសម្រេចនូវមហិច្ឆតានយោបាយដ៏ពិសពុលរបស់ពួកគេ ដែលនឹងនាំកម្ពុជាទៅរកអស្ថិរភាពជាថ្មីទៀត ។
សម្តេចភក្តី សាយ ឈុំ មានប្រសាសន៍បន្ថែមថា ការអប់រំបណ្តុះបណ្តាលមន្ត្រីដឹកនាំរបស់គណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ជាពិសេសមន្រ្តីបន្តវេន គឺជាគោលការណ៍ចម្បងរបស់គណបក្សដែលតែងតែបានចាត់តាំងអនុវត្តនៅក្នុងគ្រប់ដំណាក់កាលនៃការតស៊ូរបស់គណបក្ស ។ វគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១២ នាពេលនេះ សំដៅលើកកម្ពស់ការយល់ដឹងបន្ថែមទៀតជូនសិក្ខាកាមគ្រប់រូប អំពីទ្រឹស្ដី គោលការណ៍ គោលនយោបាយ បទពិសោធន៍ និងការប្រតិបត្ដិជាក់ស្ដែងស្របតាមសំណូមពរការងាររបស់គណបក្ស និងសភាពការណ៍របស់ប្រទេសជាតិ ។ ទន្ទឹមនឹងនេះ វគ្គអប់រំនយោបាយនេះ ក៏ជាឱកាសដ៏មានតម្លៃដល់មន្ត្រីយើងដែលមកពីបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្តផ្សេងៗគ្នា និងបណ្ដាស្ថាប័នគណបក្សជុំវិញថ្នាក់កណ្តាល បានស្គាល់គ្នា បានផ្លាស់ប្តូរការយល់ដឹង និងបទពិសោធន៍ការងារជាមួយគ្នាផងដែរ ។ តាមរយៈនេះ ក៏នឹងធ្វើឲ្យចំណងមិត្តភាព សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ។
នៅក្នុងឱកាសនេះ សម្តេចសូមវាយតម្លៃខ្ពស់ចំពោះគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល គណៈកម្មាធិការនៃគណបក្សរាជធានី ខេត្ត និងគណៈកម្មាធិការនៃគណបក្សក្រសួង ស្ថាប័នមួយចំនួន ដែលបានយកចិត្តទុកដាក់រៀបចំបើកវគ្គអប់រំនយោបាយនេះបានជាបន្តបន្ទាប់ ដូចលទ្ធផលដែលឯកឧត្តមប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលបានបញ្ជាក់ក្នុងរបាយការណ៍មុននេះ គឺពិតជាបានឆ្លើយតបទៅនឹងតាមស្មារតីដឹកនាំរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ។
ដើម្បីធានាឲ្យវគ្គអប់រំនយោបាយទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក សម្តេចភក្តី ស្នើគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ចាត់តាំងអនុវត្តឲ្យបានល្អនូវការងារមួយចំនួនដូចខាងក្រោមនេះ ៖
១.សូមគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ដែលមានតួនាទីជាគណៈ-គ្រប់គ្រងវគ្គផងដែរនោះ ត្រូវខិតខំបំពេញភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងវគ្គអប់រំនេះឲ្យបានល្អ និងទាន់ពេលវេលា ក្នុងករណីជួបប្រទះការលំបាក ត្រូវសុំយោបល់ដោះស្រាយពីគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល
២.សូមគ្រូឧទ្ទេសនាមគ្រប់រូបយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញារបស់ខ្លួនចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានដល់សិក្ខាកាមដោយទឹកចិត្តទូលំទូលាយជាទីបំផុត
៣.សូមសិក្ខាកាមគ្រប់រូបប្រមូលផ្តុំអារម្មណ៍ក្នុងការរៀនសូត្រ ការគោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់វគ្គដោយស្មារតីភ្ញាក់រឭក និងទទួលខុសត្រូវខ្ពស់ ដើម្បីធានាឲ្យការសិក្សាទទួលបានលទ្ធផលល្អ សំដៅយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការរៀនសូត្រនេះទៅបម្រើប្រជាជន គណបក្ស និងប្រទេសជាតិឲ្យកាន់តែបានល្អ និងមានប្រសិទ្ធភាពជាងនេះបន្ថែមទៀត
៤.សូមទាំងអស់គ្នាយកចិត្តទុកដាក់ដល់ការថែទាំសុខភាព ទាំងខាងផ្លូវកាយ និងផ្លូវចិត្ត ថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងសិក្ខាកាម និងសិក្ខាកាម រវាងគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាមជាមួយសិក្ខាកាម រវាងសិក្ខាកាម និងមន្ត្រីបុគ្គលិកបម្រើការងាររបស់វគ្គ ដោយស្មារតីយោគយល់ និងសុខដុមរមនា ។
ក្នុងន័យនេះ សម្តេចមានជំនឿថា វគ្គអប់រំនយោបាយនៅពេលនេះ ពិតជានឹងទទួលបានលទ្ធផលល្អស្របតាមគោលបំណង និងសំណូមពរនៃវគ្គរៀនសូត្រ ដែលជាការចូលរួមដ៏សកម្មដល់ការពង្រឹងភាពខ្លាំងរបស់គណបក្ស ៕
ដោយគិរីដងរែក