(ទីក្រុងតូក្យូ)៖នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សដែលចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព ដូច្នេះការផ្គត់ផ្គង់ចំណីអា ហារប្រកបដោយគុណភាពនិងសុវត្ថិភាពជាកត្តាអាទិភាពចម្បង ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះទៅកាន់លោក កាត្សឹណារី ម៉ាត្សឹដា (Katsunari Matsuda) នាយកក្រុមហ៊ុន Meiji Co., Ltd ក្នុងឱកាសជួបសម្តែងការគួរសមនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
ក្នុងឱកាសនៃជំនួបនេះ លោក កាត្សឹណារី ម៉ាត្សឹដា បានថ្លែងអំណរគុណចំពោះសម្តេចធិបតីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកនិងសហការី ចូលជួបសម្តែងការគួរសមព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននិងអំពីគម្រោងនៃការវិនិយោគរបស់ខ្លួនទាំងលើ ភាពសម្បូរបែបនៃផលិតផលនិងទាំងលើបច្ចេកវិទ្យាទំនើបនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ ។ នៅក្នុងជំនួបនេះផងដែរលោកអគ្គនាយកក្រុមហ៊ុន Meiji ក៏ បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន ។
ជាការឆ្លើយតបសម្តេចធិបតីបានស្វាគមន៍ចំពោះជំនួបជាមួយលោក កាត្សឹណារី ម៉ាត្សឹដា និង សហការីព្រមទាំងបានសម្តែងនូវការអរគុណនិងសេចក្តីសោមនស្ស រីករាយចំពោះក្រុមហ៊ុន Meiji ដែលបានបង្ហាញពីចំណាប់អារម្មណ៍និងគ្រោងវិនិយោគនៅកម្ពុជានាពេលអនាគតខាងមុខដោយសម្តេចបានគូសបញ្ជាក់ថារាជរដ្ឋា ភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សដែលចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព ដូច្នេះការផ្គត់ផ្គង់ ចំណីអាហារប្រកបដោយគុណភាពនិងសុវត្ថិភាពជាកត្តាអទិភាពចម្បង ។
ក្នុងជំនួបនេះសម្តេចនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្មដោយធ្វើការផលិតផ្ទាល់ដើម្បីលក់នៅទីផ្សារកម្ពុជានិងនាំចេញទៅប្រទេសជិតខាងនិងប្រទេសក្នុងតំបន់ដែលកំពុងមានតម្រូវការខ្ពស់ចំពោះផលិតផលទាំងអស់នេះព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយបណ្តុះបណ្តាល ធនធានមនុស្សកម្ពុជាលើជំនាញកសិកម្មដើម្បីចូលរួមលើកកម្ពស់ផលិតភាពក្នុងវិស័យនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ។លើសពីនេះសម្តេចមហាបវរធិបតីក៏ធ្វើការ គូសបញ្ជាក់ថែមទៀតថារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចនិងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយយន្តការអនុវត្តនិងក្របខ័ណ្ឌគតិយុត្តថ្មីៗដើម្បីជួយសម្រួលនិងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និង ភាពទាក់ទាញដល់វិនិយោគិនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ៕



ដោយគិរីដងរែក




