សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរទាំង៧០នាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញាសង្កាត់ម៉ាន់ហាថាន ។
ក្នុងចំណោមវត្ថុវិចិត្រទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដ៏ប្រណិតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គដែលស្ថិតនៅសារមន្ទីរជាតិភ្នំពេញ។
សូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងក្រុមការងារពាក់ព័ន្ធ ព្រមទាំងបណ្តាសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ដែលបានរួមចំណែកក្នុងការបំពេញបេសកកម្មជួយឱ្យវត្ថុបុរាណដ៏មានតម្លៃរបស់ខ្មែរ បានមកមាតុប្រទេសវិញ ដេីម្បីនឹងតម្កល់ជូនប្រជាជនខ្មែរ និងគ្រប់អ្នកទេសចរ បានមកសិក្សាឈ្វេងយល់ដោយផ្ទាល់នៃប្រភពកំណេីតនៃកេរតំណែលរបស់បុព្វបុរសខ្មែរបន្សល់ទុកដល់កូនចៅជំនាន់ក្រោយៗរហូតដល់បច្ចុប្បន្ន»។
ដោយគិរីដងរែក