(ភ្នំពេញ)៖ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានទម្លាយថា កាលពីប៉ុន្មានថ្ងៃមុននេះ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានសុំជួបលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច និងជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។
បើតាមការលើកឡើង របស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបដ៏កម្រនោះ លោក ហ៊ុន ម៉ាណែត បានទូន្មានដល់លោក ថាច់ សេដ្ឋា សុំឲ្យសមាជិក សមាជិកា របស់គណបក្សភ្លើងទៀត កុំប្រព្រឹត្តខុសច្បាប់ បើមិនធ្វើខុសច្បាប់ គ្មាននរណាទៅធ្វើអីនោះទេ។
ការទម្លាយជំនួបរវាងលោក ថាច់ សេដ្ឋា និងលោក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញ បើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «និយាយឲ្យច្បាស់ទៅ ថាច់ សេដ្ឋា ថ្ងៃមុននេះ ទៅជួប ហ៊ុន ម៉ាណែត ខ្ញុំនិយាយឲ្យបើកចំហរ។ ហ៊ុន ម៉ាណែត បានរាយការណ៍ឲ្យខ្ញុំ គេបានដឹងហើយថា ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលអនាគត បន្ទាប់ពីខ្ញុំ ។ ថាច់ សេដ្ឋា បានទៅសុំជួប ជួប ថាច់ សេដ្ឋា បានលើកឡើង ម៉ាណែត បានទូន្មានត្រឡប់ទៅវិញ សុំឲ្យសមាជិក សមាជិកាអ្នកឯង កុំប្រព្រឹត្តិខុសច្បាប់ ។ នេះជាការទូន្មានពី ម៉ាណែត ត្រឡប់ទៅវិញ បើអ្នកឯងមិនធ្វើខុសច្បាប់ តើអ្នកណាគេធ្វើអីអ្នកឯង»។
ជាមួយគ្នានេះ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគណបក្សនយោបាយ ដែលចង់ឈ្នះឆ្នោតឱ្យបញ្ឈប់ ការវាយប្រហារលើបក្សប្រជាជនកម្ពុជា ដោយសម្តេចបានដាស់តឿនដល់បក្សនយោបាយប្រឆាំងថា បើនៅតែបន្តវាយប្រហារ លើបក្សប្រជាជនកម្ពុជា នោះសម្តេចនឹងប្រើសិទ្ធិការពារខ្លួន។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងបញ្ចប់ការនិយាយមូលបង្កាច់របស់បក្សប្រឆាំងចោទ បក្សប្រជាជនជា «ចោរលួចសន្លឹកឆ្នោត» នៅក្រោយពេលបោះឆ្នោត ដោយការប្រើយន្តការច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមេធាវីបក្សប្រជាជនកម្ពុជា តាមដាន និងចាត់វិធានការបក្សប្រឆាំង រឿងវាយប្រហារលើបក្សប្រជាជនកម្ពុជា៕
ដោយគីរីដងរែក