ខេត្តព្រៃវែង៖ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនៅស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃសៅរ៍ ម្សិលមិញ សម្ដេច ស ខេង បានបញ្ជាក់អំពីព័ត៌មានពាក់ព័ន្ធហេតុការណ៍ឧក្រិដ្ឋជនគ្រឿងញៀន បាញ់ប្រហារលើ មន្ត្រីនគរបាលនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបណ្តាលឲ្យស្លាប់ចំនួនពីរនាក់ និងរបួសម្នាក់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល។
សម្ដេចស ខេង នាយករដ្ឋមន្ត្រីស្តីទីបានបញ្ជាក់ថា ករណីបទល្មើសគ្រឿងញឿន នៅស្រុកអង្គស្នួល ត្បិតថាឧក្រិដ្ឋជន មិនមែនរកស៊ីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ប៉ុន្តែក៏បានបង្កការរំខាន អុកឡុក បង្កើតភាពអសន្តិសុខនៅកន្លែងនោះផងដែរ ពិសេសធ្វើឱ្យយុវជនមួយចំនួនវីវក់នឹងគ្រឿងញៀន។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា “នគរបាលប៉ុស្តិ៍របស់យើងគាត់ឮព័ត៌មាននេះ ក៏បាននាំគ្នាទៅជាមួយសមត្ថកិច្ចដ៏ទៃទៀតដែលមានការពាក់ព័ន្ធ” ពេលចុះទៅដល់ទីតាំងផ្ទះមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀននោះ សមត្ថកិច្ចបានឆែកឆេរដែរ ក៏ប៉ុន្តែរកមិនឃើញជនល្មើសនោះទេ “សំទោស ដំបូងហាក់ដូចជាថាប្រយ័ត្នដែរ ព្រោះរកមិនឃើញ ក៏សន្និដ្ឋានថាតាមមើលប្រហែលជាវារត់ចូលព្រៃអស់ហើយ” ជនសង្ស័យមិនបានរត់ចូលព្រៃដូចការសន្និដ្ឋាននោះទេ ដោយទៅអង្គុយគៀនផ្ទះយកភួយគ្របពីលើ។ អ្នកទៅឆែកហ្នឹងមិនចាប់អារម្មណ៍ទៅទៀត ទៅលើកអាភួយហ្នឹង ដល់តែលើកអាភួយហ្នឹង អានោះវាមានកាំភ្លើងស្រេច។ មេប៉ុស្តិ៍ប៉ូលិសទៅលើកភួយ អានោះបាញ់ផូងត្រូវចំដើមទ្រូង ហើយនឹងប៉ូសលិសម្នាក់ទៀតទៅជាមួយ។ ស្លាប់អស់ពីរនាក់ មានការសោកស្ដាយណាស់”។
គួរបញ្ជាក់ថា មន្ត្រីនគរបាលចំនួន ២នាក់ ត្រូវបានបាញ់សម្លាប់ និងម្នាក់បានរងរបួស នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន។ ចំណែកជនល្មើសម្នាក់ស្លាប់ និងម្នាក់ចាប់ខ្លួន។ ជនល្មើសដែលស្លាប់ គឺជាជនដៃដល់ដែលបានបាញ់លើមន្ត្រីនគរបាល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត ១២ថ្ងៃត្រង់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល។
មន្ត្រីនគរបាលដែលស្លាប់ និងរងរបួសមានដូចជា៖ ១. លោក ជុច សុភា មេប៉ុស្តិ៍ទួលព្រេច , ២. លោក រីមសុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន។ ៣. លោក វ៉ន វុទ្ទី មន្ត្រីប៉ុស្តិ៍ទួលព្រេច របួសម្រាមដៃស្តាំ។ ចំណែកជនល្មើសដែលស្លាប់ឈ្មោះ ធីម ឌឿន អាយុ២៣ឆ្នាំ ជាមុខសញ្ញាចាស់ និងម្នាក់ទៀតឈ្មោះ ថេង.ធឿន អាយុ១៦ ឆ្នាំ ត្រូវចាប់ខ្លួន។
ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងនៅកន្លែងកើតហេតុមានដូចជា៖ អាវុធម៉ាករ៉ូឡូ ១ដើម ដាវ៣ កាំបិតតូច២ ពូថៅ២ ម៉ូតូ១គ្រឿង ថ្នាំញៀន ២កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន១ និងសម្ភារ:ប្រើប្រាស់ថ្មញៀនមួយចំនួនផងដែរ៕
ដោយគិរីដងរែក