សមាជិកសភាអាមេរិកម្នាក់ទៀត បានទៅដល់ទីក្រុងតៃប៉ិ កាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៥ខែសីហា ដែលសម្គាល់ជាដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់មន្ត្រីអាមេរិកទៅកាន់កោះតៃវ៉ាន់ បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ធ្វើដំណើរមុនគេកាលពីដើមខែនេះ
រដ្ឋាភិបាលក្រុងប៉េកាំង និយាយថាការធ្វើដំណើរបែបនេះត្រូវបានរៀបចំឡើងដើម្បីប្រឆាំងរដ្ឋាភិបាលចិននិងផ្តល់ការគាំទ្រដល់ក្រុម ផ្តាច់ខ្លួន។
ក្រសួងការបរទេសតៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ភ្ញៀវសំខាន់ៗ” នឹងមកដល់ទីក្រុងតៃប៉ិ តាមយន្តហោះដឹកជញ្ជូនយោធាអាមេរិក។ ស្របពេលជាមួយគ្នានោះ ផលិតករទូរទស្សន៍ Fox News បានកំណត់អត្តសញ្ញាណមន្ត្រីអាមេរិក ដែលធ្វើទស្សនកិច្ចតៃវ៉ាន់នេះ ថាមានឈ្មោះ Marsha Blackburn ជាសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ មកពីរដ្ឋ Tennessee។
សារព័ត៌មាន CNA បានផ្សាយថា បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Songshan, មន្ត្រីអាមេរិកនឹងជួបជាមួយប្រធានាធិបតីលោកស្រី Tsai Ing-wen នៅថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកស្រី Blackburn គឺជាដំណើរលើកទីបួនរបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកចាប់តាំងពីដើម ខែ សីហាមក និងជាដំណើរលើកទីបីរបស់សមាជិកសភា។
ក្រោយ លោកស្រី Pelosi ធ្វើដំណើរ ទស្សនកិច្ចកោះតៃវ៉ាន់បានមួយសប្តាហ៍, គណៈប្រតិភូនៃសភា ទាំង២ ក៏បានទៅធ្វើទស្សនកិច្ចទីក្រុងតៃប៉ិផងដែរ។ កាលពីដើមសប្តាហ៍នេះ អភិបាលរដ្ឋ Indiana លោក Eric Holcomb ក៏បានធ្វើដំណើរទៅទីក្រុងតៃប៉ិផងដែរ នៅក្នុងអ្វីដែលកាសែត Global Times របស់ចិនហៅថាជា “និន្នាការបំពុលឲ្យមានភាពតានតឹងកើនឡើងខ្លាំងនៅក្នុងច្រកសមុទ្រតៃវ៉ាន់”៕




ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក




