ករណីអគ្គិភ័យបណ្ដាលឲ្យស្ត្រីជាម្ចាស់ម្ចាស់ផ្ទះស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២២សីហា នៅជិតផ្សារលូប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ផ្ទះកើតហេតុសាងសង់អំពីថ្ម ប្រក់ស័ង្កសី ទំហំ ១០គុណ ១៦ម៉ែត្រ ជាផ្ទះលក់ដូរបោះដុំសម្ភារៈប្រើប្រាស់ត្រូវបានអណ្ដាតភ្លើងឆាបឆេះអស់ទាំងស្រុង រួមទាំងរថយន្ដមួយគ្រឿង និងម៉ូតូមួយគ្រឿងផងដែរ៕
នៅរសៀលថ្ងៃទី២២សីហា នេះ កម្លាំងសមត្ថកិច្ចជំនាញបាននិងកំពុងធ្វើកំណត់ហេតុ និងពិនិត្យកោសលវិច័យលើសាកសពដើម្បីរកព័ត៌មានបន្ថែមជុំវិញករណីអគ្គិភ័យនេះ។
ក្រោយពីបញ្ចប់នៃការអន្តរាគមន៍បាញ់ទឹកពន្លត់អណ្ដាលភ្លើងកម្លាំងសមត្ថកិច្ចបានរកឃើញសពស្ត្រីម្នាក់វ័យ៥០ឆ្នាំ ជាម្ចាស់ផ្ទះកើតហេតុ។ សពស្ត្រីរងគ្រោះត្រូវបានគេរកឃើញនៅក្រោមផ្ទាំងថ្មដែលបាក់សង្កត់នៅក្នុងផ្ទះ។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សាយ សារឿន អាយុ៥០ឆ្នាំ ត្រូវប្រពន្ធម្ចាស់ផ្ទះឈ្មោះ ហួរ ថៃអេង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីរាជការ ខណៈពេលកើតហេតុប្ដីរបស់គាត់ចេញទៅធ្វើការនៅខាងក្រៅ។
ដោយគិរីដងរែក