វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២៨៣,០០០ ដូសបន្ថែមទៀត ជាអំណោយរបស់រដ្ឋាភិបាលអូស្ត្រាលី នឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ នេះ។
បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ បានឱ្យដឹងថាវ៉ាក់សាំងដែលជាជំនួយរបស់អូស្ត្រាលីនេះជាប្រភេទ Pfizer នឹងដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ នេះសម្រាប់ចាក់ទៅលើកុមារ ។
វ៉ាក់សាំងចំនួន ២៨៣,០០០ ដូស នេះគឺជាគម្រោងជំនួយ ដែលផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាចំនួន ៤៨២៤០០ ដូសក្នុងនោះ វ៉ាក់សាំង ចំនួន១៩៦៨០០ ដូស ដែលបានដឹកមកដល់កម្ពុជារួចហើយកាលពីថ្ងៃទី ៨ កក្កដា ឆ្នាំ២០២២ ។
វ៉ាក់សាំងសម្រាប់កុមារនេះ គឺជាការបន្ថែមទៅលើជំនួយវាក់សាំង Pfizer ចំនួន២,៣៥ លានដូសទូបង្កកត្រជាក់ និងទូបង្កកត្រជាក់ បំផុតសរុបទាំងអស់ចំនួន១៣៣ គ្រឿង និងគ្រឿងបរិក្ខារចាំបាច់ ផ្សេងៗ ទៀតដែលជាជំនួយទ្វេភាគីរបស់ប្រទេសអូស្ត្រាលី ។ លោកស្រី យក់សម្បត្តិបានបញ្ជាក់ថារហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សរុបជាង ៧៤ លានដូសហើយ នៅសល់ ក្នុងឃ្លាំងជាង៧ លាន ដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាលបានឱ្យដឹងដែរ ថាមកដល់ពេលបច្ចុប្បន្នកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបាន ជិត៩៥ ភាគរយ នៃចំនួន ប្រជាពលរដ្ឋសរុប ។ ក្នុងនោះ ដូសទី១ បានជាង១៥ លាននាក់ , ដូសទី ២ បានជាង១៤ លាននាក់ , ដូសទី ៣ បានជិត១០ លាននាក់ , ដូសទី ៤ បាន ជិត ៤ លាននាក់ និងដូសទី៥ បានជាង៦០ ម៉ឺននាក់ ។
តាមការវាយតម្លៃរបស់ក្រុមហ៊ុនផ្សព្វផ្សាយ Nikkei របស់ជប៉ុនបានរកឃើញថាកម្ពុជាមិនត្រឹមតែជាប្រទេស ដែលទទួលបានជោគជ័យ លើការងារគ្រប់គ្រងការរាតត្បាតជំងឺ កូវីដ១៩ ប៉ុណ្ណោះទេកម្ពុជាក៏ជាប្រទេស ដែលស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានល្អប្រសើរ ជាងគេផងដែរ ៕


ដោយគីរីដងរែក




