ក្រោយពីស្ថានទូតបានរាយការណ៍ពីឧបទ្ទវហេតុ នេះកាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសវៀតណាមបានណែនាំស្ថានទូតអោយកំណត់អត្តសញ្ញាណជនរងគ្រោះឲ្យបានពេញលេញរួមទាំងដាក់វិធានការការពារពលរដ្ឋ និងស្នើសុំអាជ្ញាធរកម្ពុជាស៊ើបអង្កេតលើករណីនេះក៏ដូចជាស្វែងរកជនសង្ស័យ ។
លោក ជួន ប្រុស ប្រធាននគរបាលសង្កាត់បាននិយាយថា៖ ជនរងគ្រោះមានឈ្មោះ Minh Hung Khuou អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ត្រូវបានឃាតកបាញ់សម្លាប់នៅវេលាម៉ោង១ និង២៥នាទីរសៀល ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
បុរសនេះរស់នៅក្នុងប្រទេសកម្ពុជាមុនពេលមានការបាញ់ប្រហារកើតឡើង ។ សពរបស់ជនរងគ្រោះត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិមកទទួល ។
នគរបាលបានបើកការស៊ើបអង្កេតលើករណីនេះ ហើយកំពុងតាមចាប់ជនសង្ស័យផងដែរ។ មុនពេលកើតហេតុសាក្សីបានឃើញរថយន្តមួយឈប់ភ្លាមៗ បន្ទាប់ពីបើកតាមបណ្តោយផ្លូវ១៦៣ ។
បុរសជនជាតិវៀតណាមម្នាក់បានចុះពីលើរថយន្តហើយបានឈ្លោះប្រកែកជាមួយបុរសម្នាក់ទៀតនៅក្នុងរថយន្តហើយ ក្រោយមកបាន ដើរចេញពីរថយន្ត ។
ពេលនោះបុរសម្នាក់ទៀត បានបើករថយន្តដេញតាមជនរងគ្រោះហើយពេលតាមទាន់បុរសនោះ បានចុះពីលើរថយន្តហើយបានបាញ់ចំ ជនរងគ្រោះចំនួន៣ គ្រាប់ដោយកាំភ្លើងខ្លីមួយដើម ។
បុរសជាជនរងគ្រោះព្យាយាមរត់បានប្រហែល១៥ម៉ែត្រ មុននឹងដួលទៅលើថ្នល់ ចំណែកជនសង្ស័យជាឃាតកបានជិះឡានរត់គេចខ្លួន។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ក្រុមអ្នកស៊ើបអង្កេតបាន ឆែកមើលវីដេអូកាមេរ៉ាសុវត្ថិភាពក្នុងតំបន់ជុំវិញដើម្បីកំណត់អត្តសញ្ញាណពិរុទ្ធជន។
ប្រធាននគរបាលសង្កាត់បាននិយាយថា ករណីនេះត្រូវបានផ្ទេរទៅឱ្យអ្នកស៊ើបអង្កេតក្នុងខណ្ឌ ហើយក្រសួងមហាផ្ទៃកម្ពុជាក៏បានចូលរួមស្វែងរកជនសង្ស័យផងដែរ។
លោកវរសេនីយ៍ទោ វុធ ផូសាវ៉ុន អធិការនគរបាលខណ្ឌនិយាយថា ៖ អាជ្ញាធរមិនទាន់ទទួលបានតំរុយសំខាន់ៗណាមួយដើម្បីកំណត់អត្តសញ្ញាណជនល្មើសនោះនៅឡើយទេ។
លោកបានបន្ថែមថា ជនសង្ស័យមួយចំនួនត្រូវបានកោះហៅមកសាកសួរ ហើយការស៊ើបអង្កេតកំពុងបន្ត។


ដោយគិរីដងរែក




