សាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យ National Defense របស់អាមេរិកលោក Dave Des Roches បានិយាយថា ក្នុងពេលឆាប់ៗនេះ ទីក្រុងវ៉ាស៊ីនតោនប្រហែលជាមិនមានលទ្ធភាពផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវទៀតនោះទេ ។
លោក Roches បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “អាមេរិកនឹងមិនមានលទ្ធភាពផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែននោះទេ ដោយសារតែការផលិតសព្វាវុធថ្មីៗ គឺត្រូវការចំណាយពេលរាប់ខែ ដូច្នេះខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់អំពីរឿងនេះ” ។
ដោយឡែក បើយោងតាមលោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការទូត និងសន្តិសុខនៃសហភាពអឺរ៉ុប (EU) បាននិយាយថា សហភាពអឺរ៉ុបក៏កំពុងស្ថិតនៅលើទូកតែមួយជាមួយនឹងអាមេរិកដែរ ។ អ្នកការទូតបានលើកឡើងនៅដើមខែនេះថា “ស្តុកយោធានៃប្រទេសសមាជិកអង្គការណាតូ និងអឺរ៉ុបដែលត្រូវបញ្ជូនឲ្យអ៊ុយក្រែនគឺកំពុងអស់ក្នុងសមាមាត្រដ៏ធំ” ។
ទន្ទឹមនោះ កាលពីខែសីហា ប្រភពក្រសួងការពារជាតិក៏បានបញ្ជាក់ប្រាប់កាសែត Sunday Times របស់អង់គ្លេសផងដែរថា ជំនួយហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេសសម្រាប់យោធាអ៊ុយក្រែនអាចនឹងអស់ពីស្តុកនៅចុងឆ្នាំ ២០២២ នេះ ខណៈរដ្ឋាភិបាលអង់គ្លេសបានបែងចែកជំនួយយោធាជាង ២.៧ ពាន់លានដុល្លារដល់អ៊ុយក្រែនរួចហើយ ប៉ុន្តែបច្ចុប្បន្នជំនួយទាំងនេះកាន់តែថយចុះបន្តិចម្ដងៗ។
គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ទាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចផ្សេងទៀត បានប្រកាសផ្ដល់ជំនួយសព្វាវុធ ក៏ដូចជាសម្ភារៈយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់រដ្ឋាភិបាលទីក្រុងកៀវដើម្បីទប់ទល់នឹងសង្គ្រាមដែលបានអូសបន្លាយពេលជាង ៧ ខែមកនេះ ៕



ប្រភព CNBC ប្រែសម្រួលដោយគីរីដងរែក




