ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរំលឹកឡើងវិញនូវការប្ដេជ្ញារបស់លោកក្នុងការដណ្តើមយកតំបន់ Crimea មកវិញ ដែលរុស្ស៊ីបានបញ្ចូលជាឯកតោភាគីកាលពី ៨ ឆ្នាំមុន ។
លោក Zelenskyy បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះលើអ៊ីនធឺណិតកាលពីថ្ងៃអង្គារថា តំបន់ Crimea គឺជារបស់ប្រទេសអ៊ុយក្រែន ហើយរដ្ឋាភិបាលទីក្រុងកៀវនឹងមិនបោះបង់ចោលឧបទ្វីបមួយនេះឡើយ ។
លោកប្រធានាធិបតីរូបនេះបានកត់សម្គាល់ទៀតថា “រុស្ស៊ីបានប្រែក្លាយតំបន់ Crimea ដែលតែងតែជាកន្លែងល្អបំផុតនៅអឺរ៉ុប ទៅជាកន្លែងគ្រោះថ្នាក់បំផុតវិញនៅអឺរ៉ុប” ។
លោក Zelenskyy បានបញ្ជាក់បន្ថែមថា “វត្តមានរបស់កងកម្លាំងរុស្ស៊ីនៅលើឧបទ្វីប Crimea គឺជាការគំរាមកំហែងដល់អឺរ៉ុបទាំងមូល ក៏ដូចជាប៉ះពាល់ដល់ស្ថិរភាពពិភពលោកយ៉ាងខ្លាំងផងដែរ” ។
គួរបញ្ជាក់ថារុស្ស៊ី បានកាត់យកតំបន់ Crimea ពីអ៊ុយក្រែនក្នុងខែ មីនា ឆ្នាំ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិដែលសហគមន៍ អន្តរជាតិ មើលឃើញថាមិនស្របច្បាប់ហើយការបោះឆ្នោតនោះត្រូវបានរៀបចំឡើងយ៉ាងប្រញាប់ប្រញាល់ ក្រោយកងទ័ពរុស្ស៊ីបានកាន់កាប់ទីតាំងយុទ្ធសាស្ត្រជាច្រើនជុំវិញឧបទ្វីបនេះ។



ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក




