29.8 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

លោក ឡាវរ៉ូវ ចោទអាមេរិកថាមានចរិតលាក់ពុត

- Advertisement -spot_img

រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានចោទសហរដ្ឋអាមេរិកថាមានចរិតពុតត្បុត បន្ទាប់ពី រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Blinken) បាននិយាយថា មិនត្រូវអនុញ្ញាតឱ្យរុស្ស៉ីរួចខ្លួនពីការដាក់ទោសសម្រាប់ ការបង្កសង្រ្គាមនៅអ៊ុយក្រែនឡើយ កំលុងវេទិកាកិច្ចសន្ទនាសន្តិសុខមួយ ដែលប្រមុខការទូតប្រទេសទាំងពីរ បានចូលរួមកាលពីថ្ងៃសុក្រសប្តាហ៍នេះ។

ថ្លែងក្នុងវេទិកាកិច្ចសន្ទនារ៉ៃស៉ីណា (Raisina Dialogue) នៅប្រទេសឥណ្ឌា លោក ប្លីនខិន បាននិយាយដូច្នេះថា «ប្រសិនបើយើង អនុញ្ញាតឱ្យរុស្ស៉ីរួចទោស សម្រាប់អ្វីដែលប្រទេសនេះកំពុងធ្វើនៅអ៊ុយក្រែន នោះវានឹងក្លាយជាសារមួយប្រាប់ទៅកាន់បណ្តាប្រទេសដទៃទៀតថា ពួកគេក៏ប្រហែលជាអាចរួចខ្លួនដូចគ្នាដែរ ក្រោយការធ្វើសកម្មភាពយ៉ាងដូច្នោះ»។

ថ្លែងក្នុងវេទីកាខាងលើដដែល បន្ទាប់ពីលោក ប្លីនខិន លោក ឡាវរ៉ូវ ក៏បានលើកឡើងថា វាគឺជាការប្រកាន់ស្តង់ដាពីរក្នុងការចោទសួរចំពោះ សកម្មភាពរបស់រុស្ស៉ីនៅអ៊ុយក្រែន នៅពេលដែលសហរដ្ឋអាមេរិកបានយកហេតុផល ការគំរាមកំហែងចំពោះផលប្រយោជន៍ជាតិរបស់ខ្លួន សម្រាប់ជាលេសដើម្បីធ្វើអន្តរាគមន៍យោធាពាសពេញពិភពលោក រួមមានទាំងសង្រ្គាមនៅអ៉ីរ៉ាក់ ការវាយប្រហារតាមផ្លូវអាកាសនៅ លីប៊ី ហើយនិងការទម្លាក់គ្រាប់បែកនៅយូហ្គោស្លាវី។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ប្រមុខការទូតរុស្ស៉ី-អាមេរិក បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃក្រុមប្រទេស G20 ដែលត្រូវបាន រៀបចំឡើងនៅរដ្ឋធានីញូដេលីរបស់ឥណ្ឌា ហើយក្នុងឱកាសនោះ ក៏បានជួបជជែកទល់មុខគ្នាមួយភ្លែតជាលើកដំបូងផងដែរ គិតចាប់តាំងពី រុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីជាងមួយឆ្នាំមុនមក៕

ប្រភពប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img