កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្យាថា លោកនឹងដឹកនាំអ៊ុយក្រែនឱ្យទទួលជ័យជម្នះក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ខណៈដែលលោកបានទៅទស្សនាទីក្រុង ដែលទើបដណ្តើមយកមកវិញបានពីកងកម្លាំងរុស្ស៊ី នៅថ្ងៃពុធសប្តាហ៍នេះ។
លោក ហ្សេលេនស្គី នៅថ្ងៃពុធសប្តាហ៍នេះ បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងអ៊ីស្យូម (Izium) ជាទីដែលគាត់បានផ្តល់ជាកិត្តិយស ក្នុងការបង្ហួតទង់ជាតិអ៊ុយក្រែននៅលើសាលាក្រុង។ ទីក្រុងអ៊ីស្យូម គឺជាច្រកដ៏សំខាន់មួយសម្រាប់ផ្គត់ផ្គង់សម្ភារៈ ស្ថិតនៅក្នុងតំបន់ខាកៀវ ភាគឦសានប្រទេសអ៊ុយក្រែន។
នៅក្នុងសារបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ហ្សេលេនស្គី បានបញ្ជាក់ថា ទង់ជាតិពណ៌ខៀវ និងលឿងរបស់យើងកំពុងហោះហើរនៅក្នុងទីក្រុងអ៊ីស្យូម ដែលទើបត្រូវបានរំដោះពីរុស្ស៊ី ហើយវានឹងមាននៅគ្រប់ទីក្រុង និងភូមិរបស់អ៊ុយក្រែន។
បើតាមការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែនរូបនេះ កាលពីថ្ងៃអង្គារសប្តាហ៍នេះ កងកម្លាំងរបស់លោករំដោះបានទឹកដីប្រមាណ ៦,០០០គីឡូម៉ែត្រក្រឡាហើយពីកងកម្លាំងរុស្ស៉ី ប្រការនេះត្រូវបានចាត់ទុកថា ជាការបរាជ័យធ្ងន់ធ្ងរបំផុតមួយរបស់រុស្ស៊ី នៅក្នុងសង្រ្គាមអូសបន្លាយពេលប្រមាណ ៧ខែមកនេះ៕



ប្រភព BBC News ប្រែសម្រួលដោយគីរីដងរែក




