ចិន៖ លោកប្រធានាធិបតីចិនស៊ី ជីនពីងបានផ្ញើលិខិតមួយច្បាប់ទៅកាន់សមភាគីកូរ៉េ ខាងជើងគឺលោកប្រធានាធិបតី គីម ជុងអ៊ុន ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងជាយុទ្ធសាស្ត្រសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសម្ព័ន្ធមិត្ត ទាំងពីរខណៈពេលដែលស្ថានភាពនៅក្នុងតំបន់ និងអន្ដរជាតិកំពុងមានភាពផ្លាស់ប្ដូរយ៉ាងធ្ងន់ធ្ងរ និងមានលក្ខណៈកាន់តែស្មុគស្មាញ ។ នេះបើតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ ២០២២ នេះ។
លិខិតរបស់លោកស៊ី ជីនពីងផ្ញើ ទៅកាន់លោក គីម ជុងអ៊ុន នេះធ្វើឡើងមុនពេលដែលបក្សកុម្មុយនីស្ត ចិនចាប់ផ្ដើមធ្វើសមាជជា ប្រវត្តិសាស្ត្រ របស់ខ្លួននៅថ្ងៃអាទិត្យ។ ជាសមាជដែលគេទាយដឹងជាមុនស្រេចរួចទៅហើយថា លោក ស៊ី ជីនពីង នឹងត្រូវបានសមាជិក បក្សបោះឆ្នោតគាំទ្រឱ្យដឹកនាំប្រទេសចិន ជាបន្តទៀត។ សមាជនេះ ក៏នឹងបង្ហាញពីភាព រឹងមាំនៃការឈរជើងរបស់លោកជាមេដឹក នាំ ដ៏មានឥទ្ធិពលបំផុតមួយរូបរបស់ចិនរាប់ចាប់តាំងពីអាណត្តិលោក ម៉ៅ សេទុង មក ។
បើតាមទីភ្នាក់ងារព័ត៌មាន KCNA មេដឹកនាំចិនបានគូសបញ្ជាក់នៅក្នុងលិខិតនេះថា ទំនាក់ទំនងរវាងចិន និង កូរ៉េ ខាងជើង ដែល មានលក្ខណៈ ជិតស្និទ្ធដូច «បបូរមាត់ និង ធ្មេញ» នឹងបោះជំហានទៅមួយមួយជំហានទៀតកាន់តែជិតស្និទ្ធ និងកាន់តែរឹងមាំពីមួយ ថ្ងៃទៅមួយថ្ងៃ ។ បន្ថែមពីលើនេះលោក ស៊ី ជីនពីង បានសង្កត់ធ្ងន់អំពីការត្រៀមខ្លួន រួចជាស្រេចរបស់ចិននៅក្នុងកិច្ចខិតខំប្រឹង ប្រែងជាវិជ្ជមាន ដើម្បីផ្ដល់ កម្លាំងរុញច្រានដល់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីជាមួយ លោក គីម ជុងអ៊ុន ឱ្យ កាន់តែរឹងមាំអនុលោម ទៅតាមស្ថានភាពជាក់ស្ដែងថ្មីដើម្បីការពារសន្តិភាព និង ស្ថិរភាពនៅក្នុងតំបន់ព្រមទាំងពិភពលោក ។
ជាការកត់សម្គាល់លិខិតរបស់មេដឹកនាំចិនទៅកាន់សមភាគីកូរ៉េខាងជើងនា ពេលនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាក ល្បងមីស៊ីលជាច្រើនលើកច្រើនសារនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយក្នុងនោះ រួមមានទាំងការបាញ់មីស៊ីលផ្លោង រយៈ ចម្ងាយមធ្យមហោះរំលងប្រទេសជប៉ុន ផង ។ការណ៍សាកល្បងមីស៊ីលឥតស្រាកស្រាន្តរបស់ទីក្រុងព្យុងយ៉ាងបានបង្កជាក្ដីបារម្ភអំពីលទ្ធភាពនៃការធ្វើតេស្តអាវុធនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើងនាពេលឆាប់ៗ ខាងមុខថែមទៀត ។ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួន យល់ ឃើញថាទីក្រុងព្យុងយ៉ាងទំនងជានឹងមិនបាញ់សាកល្បងមីស៊ីលណាមួយទៀតទេរហូតទាល់តែសមាជបក្សរបស់ចិនដែលមានរយៈពេល មួយសប្ដាហ៍ត្រូវបានបិទបញ្ចប់ជាស្ថាពរ ៕


ប្រភព KCNA ប្រែសម្រួលដោយគីរីដងរែក




