លោក ចច ដាប់ប៊ែល យូប៊ូស (George W Bush) បានចោទប្រកាន់ថាអ៉ីរ៉ាក់របស់សាដាំ ហូសេន បានលួចលាក់កាន់កាប់អាវុធនុយក្លេអ៊ែរ តែក្រោយរកមិនឃើញអាវុធនុយក្លេអ៊ែរ លោក ប៊ូស និងក្រុមអ្នកនយោបាយអាមេរិក បានហៅសង្រ្គាមឈ្លានពានរបស់សហរដ្ឋអាមេរិកនៅអ៉ីរ៉ាក់ ថា «ជាប្រតិបត្តិការដើម្បីសេរីភាព ប្រជាធិបតេយ្យ និងភាពរុងរឿង របស់ប្រជាជនអ៉ីរ៉ាក់»។
ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ នោះគឺក្នុងរយៈពេល២០មកនេះ គេនៅតែមិនបាន ឃើញឡើយនូវការទទួលខុសត្រូវចំពោះ «ការភូតកុហក» ដែលប្រឌិតឡើងដោយលោក លោក ប៊ូស និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្ល៊ែរ (Tony Blair)។
ជាការពិតណាស់ សង្រ្គាមរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែនជាទង្វើឃោរឃៅ និង ផ្ទុយទៅនឹងច្បាប់អន្តរជាតិ។ ចុះសង្រ្គាមឈ្លានពានរបស់លោក ប៊ូស នៅអ៉ីរ៉ាក់ គឺជាអ្វីទៅវិញ? ជាសង្រ្គាមមនុស្សធម៌ ឬជាសង្រ្គាមដើម្បីប្រជាជនអ៉ីរ៉ាក់?
ចំណែកឯ របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថាជនស៊ីវិលអ៊ុយក្រែន ៨,០០០នាក់ បានស្លាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។
ក៏ប៉ុន្តែ ខណៈរុស្ស៉ីកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់បណ្ដាប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្ត ហើយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួន លោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន គេមិនដែលឃើញឡើយទណ្ឌកម្មប្រឆាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស លោក ប៊ូស និង លោក ប្ល៊ែរ។ សម្រាប់អ្នកតាមដានសង្រ្គាមឈ្លានពានរបស់រុស្ស៉ី អាចនឹងដឹងថាទាំងលោក ប៊ូស និងលោក ពូទីន បានប្រើប្រាស់ភាសាមិនខុសគ្នាប៉ុន្មាននោះទេ មុននឹងចាប់ផ្ដើម ធ្វើសង្រ្គាម។ នៅមុនចូលឈ្លានពានអ៉ីរ៉ាក់ លោក ប៊ូស បានប្រើ «ពាក្យសេរីភាព រំដោះ និងសង្រ្គាមប្រឆាំងភេរវករ» ដើម្បីធ្វើជាសំអាងភាពត្រឹមត្រូវនៃសង្រ្គាម របស់លោក។ ចំណែកឯ លោក ពូទីនវិញ ក៏មិនខុសគ្នានោះដែរដោយលោកបានអះអាងថាសង្រ្គាមឈ្លានពានរបស់លោក ក្រោម «ស្លាកប្រតិបត្តិការយោធា ពិសេស» ធ្វើឡើងដើម្បី «រំដោះអ៊ុយក្រែនពីរបបណាហ្ស៉ី និងទប់ស្កាត់អំពើភេរវកម្មនៅក្នុងតំបន់»។
ទាំងលោក ប៊ូស និងលោក ពូទីន សុទ្ធតែបានភូតកុហកសាធារណៈមតិពិភពលោក ដើម្បីធ្វើសង្រ្គាមឈ្លានពាន។ កាន់តែដូចគ្នាទៅទៀត លោក ប៊ូសបានអះអាងថា អ៉ីរ៉ាក់របស់សាដាំ ហូសេន បានលួចលាក់កាន់កាប់អាវុធនុយក្លេអ៊ែរ រីឯលោក ពូទីន បានចោទប្រកាន់អ៊ុយក្រែនថាមានបំណងប្រើប្រាស់អាវុធគីមី។ នៅក្នុងសង្រ្គាម ឈ្លានពានរបស់លោក ប៊ូសទៅវិញទេដែលត្រូវបានគេរាយការណ៍ថា ទាហានអាមេរិកបានប្រើប្រាស់អាវុធមានផ្ទុកសារធាតុ «ផូស្វ័រពណ៌ស» ក្នុងទីក្រុង Fallujah ដែលធ្វើឱ្យប៉ះពាល់ដល់យ៉ាងខ្លាំងសុខភាពមនុស្ស។
លោក ប៊ូស បានដកសហរដ្ឋអាមេរិកចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មុនលោកបញ្ជូនកងទ័ពចូលឈ្លានពានអ៉ីរ៉ាក់។ នេះមានន័យថាវាសឹងតែមិនអាចទៅ រួចឡើយដែលគេចង់កាត់ទោសមេដឹកនាំអាមេរិក ឬយោធាអាមេរិក ពីបទឧក្រិដ្ឋកម្មសង្រ្គាម។
ក៏ប៉ុន្តែ គួរឱ្យស្ដាយនៅពេលដែលសកម្មភាពតស៊ូដូចគ្នានេះបានកើតឡើងនៅអ៉ីរ៉ាក់ ឬប៉ាឡេស្ទីន បែរជាត្រូវបានគេចាត់ទុកថាជាភេរវកម្ម ឬភេរវករទៅវិញ។ មិនថា ប្រជាជនអ៊ុយក្រែន ឬប្រជាជនអ៉ីរ៉ាក់ សុទ្ធតែជាជនរងគ្រោះនៃសង្រ្គាមឈ្លានពានរបស់ពួកមហាអំណាច។ ដូច្នេះបើប្រជាជនអ៊ុយក្រែនសមនឹងទទួលបានយុត្តិធម៌ និងកម្លាំងសាមគ្គីភាព នោះប្រជាជនអ៉ីរ៉ាក់ក៏សមនឹងទទួលបានដូចគ្នាដែរ៕




ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




