ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលគណបក្សប្រជាធិបតេយ្យរបស់គាត់ទទួលបានលទ្ធផលល្អប្រសើរជាងការរំពឹងទុក បាននិយាយកាលពីថ្ងៃពុធទី០៩ខែវិច្ឆិកាថា ថ្ងៃបោះឆ្នោតកាលពីថ្ងៃអង្គារគឺល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែលទ្ធផលបង្ហាញថា ប្រជាជនអាមេរិកនៅតែខកចិត្ត។
លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ខ្ញុំគិតថា វាជាថ្ងៃល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ”។
ស្របពេលជាមួយគ្នានោះ មន្ត្រីសេតវិមានហាក់មានភាពធូរស្បើយ ដែលគណបក្សប្រជាធិបតេយ្យបានធ្វើបានល្អជាងការរំពឹងទុក បន្ទាប់ពីលោក បៃដិន បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដោយផ្តោតសំខាន់ ទៅលើការការពារការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក, ការធានាសិទ្ធិរំលូតកូន និងការលើកតម្កើងគោលនយោបាយសេដ្ឋកិច្ច។
គណបក្សសាធារណរដ្ឋ ទទួលបានសំឡេងកើនឡើងតិចតួចនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយទំនងជាអាចគ្រប់គ្រងសភាតំណាងរាស្រ្ត ប៉ុន្តែការគ្រប់គ្រងព្រឹទ្ធសភា គឺត្រូវពឹងផ្អែកលើការប្រកួតប្រជែងចំនួនបី ដែលនៅតែមិនទាន់អាចសន្មតបាន។
លោក បៃដិន និយាយ ថា “ខ្ញុំ បាន ត្រៀម ខ្លួនរួចហើយ ដើម្បី ធ្វើ ការ ជាមួយគណបក្ស សាធារណរដ្ឋ។ ខ្ញុំ គិត ថា ប្រជាជន អាមេរិក បាន បញ្ជាក់ យ៉ាង ច្បាស់ ថា ពួកគេ រំពឹង ថា គណបក្ស សាធារណរដ្ឋក៏ នឹង ត្រៀម ខ្លួន ធ្វើ ការ ជាមួយ ខ្ញុំ ដែរ”។
លោកនិយាយថា នៅពេលដែលលោកវិលត្រលប់ពីដំណើរនៅអាស៊ីវិញ លោកនឹងអញ្ជើញមេដឹកនាំគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋទៅកាន់សេតវិមាន ដើម្បីពិភាក្សាអំពីអាទិភាពឆ្ពោះទៅមុខ៕



ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក




