លោក ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២២នេះដឹកនាំកិច្ចប្រជុំពាក់ព័ន្ធករណីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដេីម្បីប្រជាធិបតេយ្យ ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែនខេត្តសៀមរាប ដែលមានប្រជាពលរដ្ឋជិត ២ម៉ឺននាក់ ។
កិច្ចប្រជុំបានពិនិត្យពិភាក្សាទៅលើហេតុការណ៍ នឹងសភាពការណ៍មួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខេត្តសៀមរាប ជាពិសេសការជួបជុំប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ដែលមានជំនឿ ទៅលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសថា នឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឲ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់ខ្លួនមានទំហំប្រមាណជាង ១២ហិកតា ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។



ដោយគីរីដងរែក




