(ឡុងដ៍)៖ ឧបនាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស លោក ដូមីនិក រ៉ាប (Dominic Raab) នៅថ្ងៃអាទិត្យនេះ បាននិយាយថា រូបលោកនឹងដាក់ពាក្យលាលែងពីមុខតំណែង ប្រសិនបើលទ្ធផលការស៉ើបអង្កេតផ្លូវការគឺដូចគ្នាទៅនឹង ការចោទប្រកាន់ដែលថា លោកបានប្រើប្រាស់អំណាចដើម្បីសម្លុតគំរាម លើមន្រ្តីរដ្ឋាភិបាលក្រោមឱវាទ។
នេះគឺជាលើកដំបូងហើយ ដែលលោក រ៉ាប បានប្រកាសជាលើកដំបូងថា នឹងមិនរក្សាតួនាទីជាឧបនាយករដ្ឋមន្រ្តីតទៅទៀត ប្រសិនបើការស៉ើបអង្កេតឯករាជ្យមួយ ដែលធ្វើឡើងក្រោមការបញ្ជារបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) រកឃើញជាផ្លូវការថា រូបលោកពិតជាបានប្រើអំណាចដើម្បី ធ្វើទុក្ខបុកម្នេញ ក្រុមមន្រ្តីថ្នាក់ក្រោម ដូចការចោទប្រកាន់មែននោះ។ ប៉ុន្តែលោក រ៉ាប នៅតែបដិសេធចំពោះការអំពាវនាវ ឱ្យលោកចុះចេញពីតំណែង ខណៈដែល ការស៉ើបអង្កេតកំពុងតែបន្តប្រព្រឹត្តទៅ។
គួរបញ្ជាក់ថា កន្លងមកនេះ មានការដាក់ពាក្យរិះគន់ផ្លូវការសរុបចំនួន៨ ពីសំណាក់ក្រុមមន្រ្តីរដ្ឋាភិបាលចក្រភពអង់គ្លេសរុបយ៉ាងហោច២៤នាក់ ប្រឆាំងនឹង លោក រ៉ាប។ ការចោទប្រកាន់លោក រ៉ាប អំពីការប្រើប្រាស់អំណាចសម្លុតគំរាមគេឯងនេះ គឺទាក់ទងទៅនឹងពេលដែលលោក នៅកាន់តំណែងជារដ្ឋមន្រ្តីទទួល បន្ទុកកិច្ចការ Brexit, ជារដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីយុត្តិធម៌។ លោក រ៉ាប បានក្លាយជាឧបនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស កាលពីខែតុលា ឆ្នាំ២០២២៕

ប្រភព Shropshire Star ប្រែសម្រួលដោយគិរីដងរែក




