23 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

លោក ញ៉ែម អេន អះអាងថាមន្ត្រីបក្សខ្មែរស្រឡាញ់ជាតិ១៨ ខេត្តចុះចូលជាមួយលោក ញឹក ប៊ុនឆៃ

- Advertisement -spot_img

គិតរហូតមកទល់ពេលនេះ ប្រធានអនុប្រធានថ្នាក់ដឹកនាំ និងសកម្មជនចាប់ពីឃុំសង្កាត់រហូតដល់ថ្នាក់ខេត្តរបស់គណបក្សខ្មែរ ស្រឡាញ់ជាតិចំនួន ១៨ ខេត្តបានសម្រេចចុះចូលជាមួយនឹងគណបក្សខ្មែររួបរួមជាតិ ដែលមានលោក ញឹក ប៊ុន ឆៃ ជាស្ថាបនិក និង ប្រធានគណបក្ស ។

អនុប្រធានក្រុមការងារខេត្តសៀមរាប និងជាបេសកជនពិសេស នៃគណបក្សខ្មែររួបរួមជាតិលោក ញ៉ែម អេន បានអះអាងប្រាប់ គីរីដងរែក កាលពីម្សិលមិញថារយៈពេលជិត២ ខែនេះអតីតថ្នាក់ដឹកនាំចាប់ពីគណកម្មាធិការនាយកប្រធានប្រតិបត្តិខេត្តស្រុក ឃុំ គឺ បានចុះចូលជាមួយគណបក្សខ្មែររួបរួមជាតិយ៉ាងច្រើនកុះករ ។

លោកបញ្ជាក់ថា ៖ « ជិត២ ខែនេះ គឺមានអតីតថ្នាក់ដឹកនាំចាប់ពីឃុំ ស្រុក ខេត្ត របស់គណបក្សខ្មែរស្រឡាញ់ជាតិចំនួន ១៨ ខេត្តក្រុង ហើយបានសម្រេចចុះចូលជាមួយគណបក្សរបស់លោក ញឹក ប៊ុនឆៃ បើគិតពីភាគរយ គឺជាង ៦០ ទៅ ៧០ % នៃសមាជិករបស់ គណបក្ស » ។ លោកអះអាងថាក្នុងចំណោមអ្នកស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយទាំង ១៨ ខេត្តក្រុងនោះគឺមាន ១២ ខេត្តត្រូវបាន គណបក្សខ្មែររួបរួមជាតិប្រកាសតែងតាំងសមាភាព ក្នុងរចនាសម្ពន្ធជាផ្លូវការខណៈ ៦ខេត្ត ផ្សេងទៀតកំពុងដំណើរការជាបន្តបន្ទាប់ ។

លោក ញ៉ែម អេន និយាយថា ៖ « ខេត្តទាំង ១២ ដែលបានប្រកាសសមាសភាពក្នុងរចនាសម្ពន្ធបក្សជា ផ្លូវការ គឺមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពុងធំ កំពង់ចាម កណ្ដាល ព្រៃវែង កំពង់ស្ពឺ កោះកុង តាកែវ និង មាន ៦ខេត្ត ផ្សេងទៀត គ្រោងប្រកាសជាបន្តបន្ទាប់ទៀត » ។ លោកថា ចំពោះបេក្ខជនឈរឈ្មោះជាតំណាងរាស្ត្រ សម្រាប់បោះឆ្នោតថ្នាក់ជាតិ ២០២៣ ក៏គណបក្សខ្មែររួបរួមជាតិបានជ្រើសរើស និងដាក់បេក្ខជនឈរឈ្មោះរួចរាល់ហើយដែរ ។

បេសកជនពិសេសដដែលបញ្ជាក់ថាការចូលរួមនយោបាយរបស់អតីតមន្ត្រីគណបក្សខ្មែរស្រឡាញ់ជាតិ និងថ្នាក់ដឹកនាំបក្សនយោបាយ មួយចំនួន នឹងធ្វើឱ្យគណបក្សខ្មែររួបរួមជាតិគឺកាន់តែខ្លាំងមានសន្ទុះគាំទ្រច្រើនជាពិសេសនឹងមានអាសនៈ ច្រើននៅក្នុងសភាជាតិ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ២០២៣ ។

លោក ញ៉ែម អេន និយាយថា សកម្មជន និងអ្នកគាំទ្រគណបក្សខ្មែរស្រឡាញ់ជាតិ គឺមានចំនួន ៣៣២៥៤ សំឡេង កាលបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី ៥ ដូច្នេះ គណបក្សខ្មែររួបរួមជាតិ នឹងមានសំឡេងនៅក្នុងសភាសម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ ២០ ២៣ ។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២២ មន្ត្រីជាន់ខ្ពស់ គណបក្សខ្មែរស្រឡាញ់ជាតិចំនួន ៧ រូបដែលប្រកាសរំលាយគណបក្សរបស់ខ្លួន ចោលហើយអំពាវនាវឱ្យសមាជិកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ។

កាលពីថ្ងៃទី២១ ខែ សីហា ឆ្នាំ ២០២២ មន្ត្រីជាន់ខ្ពស់ ៦ រូបដែលប្រកាសដើរចេញ ពីគណបក្សខ្មែរស្រឡាញ់ជាតិហើយប្រកាសចូលរួម ជីវភាព នយោបាយ ជាមួយ គណបក្សប្រជាជន កម្ពុជា ត្រូវ បាន ព្រះមហាក្សត្រ ចេញ ព្រះរាជក្រឹត្យ តែងតាំង ជា ទីប្រឹក្សានៃ ក្រសួង ប្រៃសណីយ៍ និង គមនាគមន៍ ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ និង អគ្គនាយក ។

បន្ទាប់ចេញសេចក្ដីប្រកាសរំលាយគណបក្សចោល លោក សៀវ វិសុទ្ធ ប្រធាន ស្ដីទីគណបក្សខ្មែរស្រឡាញ់ជាតិបានចេញមុខបដិសេធ ដោយអះអាងថាគណបក្សគឺ រក្សានៅដដែលមិនអាចរំលាយទៅតាមសេចក្ដីប្រកាសព័ត៌មានមួយសន្លឹកនោះបានឡើយ ។ លោកបន្ថែម ថាច្បាប់ស្តីពីគណបក្សនយោបាយចែងថា ការរំលាយគណបក្សត្រូវធ្វើ ឡើងតាមរយៈមហាសន្និបាតរបស់គណបក្ស ។

លោកបន្តថាទោះមន្ត្រីឬសកម្មជនមួយចំនួនតូចទៅចូលរួមនយោបាយជាមួយបក្សផ្សេងគឺបក្សរបស់លោកនៅតែបន្តស្មារតីសង្គ្រោះ ជាតិព្រោះសំឡេងឆ្នោតជាង៣ ម៉ឺន ដែលគណបក្សទទួលបានពីពលរដ្ឋកាល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ គឺជាក្ដីសង្ឃឹម ឆ្ពោះទៅបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ ។

កាលពីថ្ងៃសៅរ៍ លោក ញឹក ប៊ុនឆៃ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ៖ « ក្រសួងមហាផ្ទៃមិនទទួលស្គាល់លោក សៀវ សុត ជាប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ និងមិនអនុញ្ញាតឱ្យធ្វើសមាជនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ បានទេព្រោះ គណ
អចិន្រៃ្តយ៍៧រូបក្នុងចំណោម៨ រូបបាន ប្រកាសលាឈប់ ពីគណបក្សនេះរួចទៅហើយ » ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន ធ្លាប់ប្រាប់គីរីដងរែក ដូច្នេះថាការដើរចេញពីគណបក្សខ្មែរស្រឡាញ់ជាតិជា សិទ្ធិនយោបាយរបស់សមាជិកអតីតបក្សនយោបាយមួយនេះ ។ លោកថា ៖ « ការដើរចេញគឺជារឿងត្រឹមត្រូវដើម្បីកាត់បន្ថយថវិការបស់ គណបក្ស និងជាការផ្តល់យុត្តិធម៌មួយដល់គណបក្សប្រជាជនកម្ពុជាដែលតែងបក្សផ្សេងៗរិះគន់ » ។ លោកបន្ថែមថាបើទោះបក្ស នយោបាយមួយចំនួនបូកបញ្ចូលគ្នាក៏មិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបានឡើយ ។

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា ថាក្នុងចរន្តនយោបាយបែបនេះគឺ មានរូបភាពវិជ្ជមាន និងអវិជ្ជមាន ។ ចំពោះរូបភាព វិជ្ជមានគឺសម្រាប់គណបក្សកាន់អំណាចប៉ុន្តែអវិជ្ជមានសម្រាប់គណបក្សតូច ៗ ។

លោកបញ្ជាក់ថា ៖ « បក្សកាន់អំណាចអាចទទួលបានការគាំទ្របន្ថែមទៀតហើយអ្នកនយោបាយ ដែលនៅក្រៅរដ្ឋាភិបាលគឺអាចបន្ត ទៅជ្រកក្រោមបក្សកាន់អំណាច ដើម្បីទទួលបានប្រយោជន៍ប៉ុន្តែបក្សតូចៗ អាចរងផលប៉ះពាល់ » ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img