22 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

លោក ចាន់​ សំរ៉ុង៖ ខ្ញុំមិនបោះបង់ក្ដីស្រមៃជាអ្នកជំនាញអគ្គិសនីដូចបោះបង់ការសិក្សានៅវិទ្យាល័យទេ

- Advertisement -spot_img

លោក ចាន់ សំរ៉ុង៖ ខ្ញុំមិនបោះបង់ក្ដីស្រមៃរបស់ខ្លួនជាអ្នកជំនាញខាងអគ្គិសនី ដូចបោះបង់ការសិក្សានៅវិទ្យាល័យនោះទេ
ភ្នំពេញ៖ អតីតសិស្សម្នាក់ដែលបានបោះបង់ការសិក្សានៅត្រឹមថ្នាក់វិទ្យាល័យ យុវជន ចាន់ សំរ៉ុង បាននិងកំពុងខិតខំប្រឹងប្រែងស្រវ៉ាចាប់យកជំនាញខាងអគ្គិសនីពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនលទ្ធភាពក្នុងការរកចំណូលបន្ថែម។

យុវជន ចាន់ សំរ៉ុង វ័យ ១៦ឆ្នាំកំពុងសិក្សាជំនាញខាងអគ្គីសនី បាននិយាយទាំងទឹកមុខស្រងូតស្រងាត់ថា ដោយសារតែខ្លួនរៀននៅវិទ្យាល័យមិនសូវពូកែ ហើយមិនអាចចាប់យកជំនាញផ្សេងទៀតបាន ក៏សម្រេចចិត្តបោះបង់ការសិក្សាទាំងស្ដាយស្រណោះត្រឹមថ្នាក់ ១០នៅខេត្តតាកែវ។ ក្រោយពីបោះបង់ការសិក្សា សំរ៉ុង ហាក់ដូចជារស់នៅក្នុងភាពខ្វះជាតិអ្វីម្យ៉ាង ពោលគឺខ្វះការសិក្សា និងខ្វះជំនាញប្រចាំជីវិតរបស់គេ។ ក្រោយមានការលើកទឹកចិត្តពីមិត្តភក្ដិ និងឱពុកម្ដាយ សំរ៉ុងបានសម្រេចចិត្តមកចុះឈ្មោះចូលរៀនជំនាញខាងអគ្ដិសនីនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ។

យុវជនរូបនេះបន្តថា៖«ប្រសិនបើខ្ញុំរៀនចប់បាក់ឌុប ក៏គ្រួសារខ្ញុំមិនមានលទ្ធភាពឱ្យខ្ញុំរៀនបន្តនៅមហាវិទ្យាល័យដែរ ហើយវាបូករួមទាំងប្រាជ្ញាស្មារតីរបស់ខ្ញុំមិនសូវចាប់បាននូវការសិក្សាជំនាញផ្សេងៗផង។ ខ្ញុំក៏បោះបង់ការសិក្សានៅវិទ្យាល័យតែម្ដង ប៉ុន្ដែខ្ញុំមករៀនជំនាញនៅទីនេះ គឺខ្ញុំក៏អាចមានឱកាសច្រើនក្នុងការរកប្រាក់ចំណូល ព្រោះត្រូវចំណាយសិក្សាខ្លីដែរ»។

សំរ៉ុង បានតស៊ូសិក្សារៀនសូត្រយ៉ាងខ្លាំង ដោយសារគិតក្នុងចិត្តថា នេះជាឱកាសចុងក្រោយសម្រាប់ការសិក្សារបស់ខ្លួន។ សំរ៉ុង ក៏មានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រទៀតដែរ ប៉ុន្ដែភ្លាមៗនោះនៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេ។
យុវជនរូបនេះបន្តថា បើទោះបីជាខ្លួនមិនទាន់មានលទ្ធភាពបង្កើតក្រុមការងារជាងតម្លើងអគ្គិសនីជាលក្ខណៈធំដុំ ប៉ុន្ដែខ្លួនគេមានលទ្ធភាពធ្វើការងារសមរម្យ និងទទួលបានប្រាក់ចំណូលខ្ពស់ដែរ។ សំរ៉ុង នៅតែមានមហិច្ឆតាចង់សិក្សាជំនាញខាងអគ្គិសនីឱ្យបានច្រើនជាងនេះ ព្រោះខ្លួននៅវ័យក្មេងនៅឡើយ។ សំរ៉ុង នៅតែមានក្ដីសង្ឃឹមជានិច្ច និងមិនបោះបង់ក្ដីស្រមៃរបស់ខ្លួនដូចបោះបង់ការសិក្សានៅវិទ្យាល័យនោះទេ ហើយខ្លួននឹងបន្តខិតខំប្រឹងប្រែងក្នុងការសិក្សាជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត ដើម្បីធ្វើជាស្ពានចម្លងអនាគតខ្លួនផង ក្រុមគ្រួសារផង និងធ្វើជាយុវជនគំរូនៅក្នុងសង្គមជាតិ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img