លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាម ធ្វើការឆ្លើយតបដែលនឹងបង្កផលវិបាកផ្នែកនយោបាយនិងយោធា ប្រសិនបើចក្រភពអង់គ្លេស ផ្តល់យន្តហោះដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។
កាលពីថ្ងៃពុធទី០៨ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអង់គ្លេស ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំមុន ដោយបានព្រមានថា សង្រ្គាមអាចនៅទ្រឹង ប្រសិនបើលោកខាងលិចមិនបញ្ជូនយន្តហោះចម្បាំងទៅទេនោះ។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយថា គ្មានអ្វីត្រូវពិភាក្សាអំពីសំណើផ្តល់យន្តហោះនោះទេ ហើយបានសង្កត់ធ្ងន់ថា ឥឡូវនេះ ចក្រភពអង់គ្លេសនឹងចាប់ផ្តើមរៀបចំកងកម្លាំងអាកាសអ៊ុយក្រែន។
ប៉ុន្តែទីក្រុងមូស្គូបានគំរាមឆ្លើយតប ប្រសិនបើរដ្ឋាភិបាលអង់គ្លេសផ្គត់ផ្គង់យន្តហោះ ខណៈរដ្ឋមួយចំនួនរបស់អង្គការណាតូ បានបង្ហាញក្តីព្រួយបារម្ភអំពីការប៉ះទង្គិចដោយផ្ទាល់។
ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងឡុងដ៍ បានព្រមានខ្លាំងៗដល់ចក្រភពអង់គ្លេស ប្រឆាំងនឹងការផ្គត់ផ្គង់យន្តហោះចម្បាំងដោយនិយាយថា ចក្រភពអង់គ្លេសនឹងទទួលខុសត្រូវចំពោះការកើនឡើងនៃអរិភាពមួយផ្សេងទៀត និងផលវិបាកខាងនយោបាយ-យោធាសម្រាប់ទ្វីបអឺរ៉ុប និងពិភពលោកទាំងមូល៕



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




