ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី រដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងមូស្គូ លោក Sergey Lavrov បានគូសបញ្ជាក់ថា ប្រទេសម៉ុលដាវី អាចដើរតាមគន្លងរបស់អ៊ុយក្រែន និងក្លាយជាអ្នកប្រឆាំងរុស្ស៊ីថ្មី។
អ្នកការទូតរូបនេះបានអះអាងថា ប្រទេសលោកខាងលិច បានតែងតាំងប្រធានាធិបតីនៅទីក្រុង ជីស៊ីណូ ដែលមានគំនិតដ៏កខ្វក់ក្នុងការនាំយកអតីតសាធារណរដ្ឋសូវៀតមួយនេះ ចូលទៅក្នុងផ្នត់គំនិតដែលដឹកនាំដោយសហរដ្ឋអាមេរិក។
កាលពីថ្ងៃព្រហស្បតិ៍ទី០២ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយ RIA Novosti និង Rossiya 24 របស់រុស្ស៊ីបានចេញផ្សាយបទសម្ភាសជាមួយលោក Lavrov។ លោកត្រូវបានគេសួរថាតើ បើតាមគំនិតរបស់លោក តើប្រទេសណាដែលអាចដើរតាមផ្លូវដូចគ្នាទៅនឹងអ៊ុយក្រែន ហើយក្លាយជា អ្នកប្រឆាំងរុស្ស៊ី?
លោក Sergey Lavrov
រដ្ឋមន្ត្រីការបរទេសរូបនេះ បានឆ្លើយតបដោយអះអាងថាលោកខាងលិចកំពុងពិចារណាលើប្រទេសម៉ុលដាវីសម្រាប់តួនាទីនេះ។ ប្រទេសនេះត្រូវបានជ្រើសរើសជាចម្បង ដោយសារតែលោកខាងលិចបានទទួលជោគជ័យក្នុងការដំឡើង តាមរយៈវិធីសាស្រ្តពិសេសៗមួយចំនួន ដែលនៅឆ្ងាយពីប្រទេសសេរី និងប្រជាធិបតេយ្យ។
អ្នកការទូតរូបនេះបានសន្និដ្ឋានថា ប្រមុខរដ្ឋនៃប្រទេសម៉ុលដាវី បានត្រៀមខ្លួនរួចជាស្រេចក្នុងការច្របាច់បញ្ចូលប្រទេសរបស់ខ្លួនជាមួយអ្នកជិតខាង រូម៉ានី ហើយនឹងធ្វើអ្វីៗតាមតែអំពើចិត្ត។
កាលពីចុងខែមុន ប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu បានប្រាប់កាសែត Politico ថា “មានកិច្ចពិភាក្សាដ៏សំខាន់មួយកំពុងដំណើរការនៅក្នុងទីក្រុង ជីស៊ីណូ អំពីសមត្ថភាពរបស់ប្រទេសក្នុងការការពារខ្លួនថាតើយើងអាចធ្វើវាដោយខ្លួនឯងបាន ឬថាតើយើងគួរតែជាផ្នែកមួយនៃសម្ព័ន្ធភាពធំជាងនេះ”។
ថ្វីបើលោកស្រីមិនបានបញ្ជាក់ឈ្មោះអង្គការណាតូចំៗក៏ដោយ ប៉ុន្តែលោកស្រី Sandu បាននិងកំពុងបន្តគោលនយោបាយគាំទ្រលោកខាងលិច ចាប់តាំងពីការឡើងកាន់តំណែងនៅឆ្នាំ ២០២០មក។
ប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu
ប្រទេសម៉ុលដាវី ត្រូវបានផ្តល់ឋានៈជាបេក្ខជនសហភាពអឺរ៉ុបកាលពីឆ្នាំមុន។ ខ្លួនក៏បាននិងកំពុងសហការយ៉ាងសកម្មជាមួយអង្គការណាតូផងដែរ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានបញ្ជូនកងទ័ពរបស់ខ្លួនឲ្យទៅចូលរួមក្នុងកងកម្លាំងរបស់ប្លុកយោធានេះ នៅកូសូវ៉ូ។
ប្រធានាធិបតីម៉ុលដាវី បានជួបជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg នៅទីក្រុងញូវយ៉កក្នុងខែកញ្ញាឆ្នាំ២០២១ ហើយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ ក៏បានចូលរួមកិច្ចប្រជុំរបស់ណាតូនៅប្រទេសរ៉ូម៉ានីកាលពីខែធ្នូឆ្នាំមុនផងដែរ៕
ប្រភព Tass ប្រែសម្រួលដោយគីរីដងរែក




