អតីតប្រធានាធិបតីរុស្ស៊ី និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Dmitry Medvedev កាលពីថ្ងៃអង្គារទី០១ខែវិច្ឆិកា បាននិយាយថា ប្រទេសរុស្ស៊ី អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ករណីអ៊ុយក្រែនទទួលជ័យជម្នះក្នុងជម្លោះ។
អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានចោទប្រកាន់ប្រទេសមហាអំណាចលោកខាងលិចផងដែរថា កំពុងជំរុញពិភពលោកឆ្ពោះទៅរក “សង្គ្រាមនុយក្លេអ៊ែរ” ប៉ុន្តែវិធីតែមួយគត់ដែលអាចចៀសវាងបាន នោះគឺបើរុស្ស៊ីទទួលជ័យជម្នះនៅក្នុងជម្លោះជាមួយអ៊ុយក្រែន។
លោក Medvedev និយាយថា “ប្រសិនបើរុស្ស៊ីមិនឈ្នះទេ ជាក់ស្តែងនោះគឺអ៊ុយក្រែន។ គោលដៅរបស់អ៊ុយក្រែនក្នុងសង្រ្គាមដែលទីក្រុងកៀវកំណត់គឺ យកមកវិញនូវទឹកដីទាំងអស់ ដែលពីមុនជាកម្មសិទ្ធិរបស់ខ្លួន។ នោះគឺជាការគំរាមកំហែងដល់អត្ថិភាពនៃរដ្ឋរបស់យើង និងគំរាមដល់ការដួលរលំនៃប្រទេសរុស្ស៊ីនាពេលបច្ចុប្បន្ន។ ហើយនោះមានន័យថា ជាហេតុផលផ្ទាល់សម្រាប់ការអនុវត្តមាត្រា១៩នៃមូលដ្ឋានគ្រឹះគោលនយោបាយរដ្ឋនៃសហព័ន្ធរុស្ស៊ី ក្នុងការប្រើប្រាស់នុយក្លេអ៊ែរ”។
ជាក់ស្តែង កាលពីសប្តាហ៍មុន រុស្ស៊ីបានធ្វើសមយុទ្ធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ក្រោមការតាមដានរបស់លោកប្រធានាធិបតី Vladimir Putin។
តាមរយៈសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា កងកម្លាំងយុទ្ធសាស្ត្រជើងគោក សមុទ្រ និង អាកាស ត្រូវបានបណ្តុះបណ្តាល ជាមួយនឹងការបាញ់បង្ហោះជាក់ស្តែងនៃមីស៊ីលផ្លោង ក្នុងអំឡុងពេលធ្វើសមយុទ្ធ៕
ប្រភព FT ប្រែសម្រួលដោយគីរីដងរែក