ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំនៅទីក្រុងប៊ែរឡាំងលោក Sergey Nechaev បាននិយាយកាលពីថ្ងៃចន្ទទី១២ខែកញ្ញាថា ប្រទេសអាល្លឺម៉ង់ បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមជាមួយរុស្ស៊ីហើយ ដោយសារតែការបញ្ជូនសព្វាវុធទៅអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុងប៊ែរឡាំងលោក Sergey Nechaevអ្នកការទូតបន្ថែមថា ការសម្រេចចិត្តនេះ បានធ្វើឲ្យខូចដល់ការផ្សះផ្សារយៈពេលជាច្រើនទសវត្សរ៍ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២ និងការឈ្លានពានរបស់ណាស៊ី នៅសហភាពសូវៀត។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Izvestia លោកនិយាយថា “ការពិតដែលថា អ៊ុយក្រែនកំពុងត្រូវបានផ្គត់ផ្គង់ជាមួយនឹងអាវុធដ៍សាហាវផលិតដោយអាល្លឺម៉ង់ ដែលត្រូវបានប្រើមិនត្រឹមតែប្រឆាំងនឹងសមាជិកយោធារុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រជាជនស៊ីវិលនៃតំបន់ Donbass ផងដែរនោះ គឺបានឆ្លងកាត់ខ្សែបន្ទាត់ក្រហមហើយ”។
ទីក្រុងប៊ែរឡាំងគួរតែដឹងឲ្យកាន់តែច្បាស់ដោយពិចារណាលើទំនួលខុសត្រូវខាងសីលធម៌ និងជាប្រវត្តិសាស្ត្រ ដែលអាល្លឺម៉ង់មានចំពោះ ប្រជាជនរបស់យើងសម្រាប់ឧក្រិដ្ឋកម្មណាស៊ី។ ពួកគេបានឆ្លងកាត់ខ្សែបន្ទាត់ក្រហម ដែលមិនអាចបកក្រោយបាន។
ដោយបោះបង់គោលនយោបាយដ៏យូរអង្វែងរបស់ខ្លួន ក្នុងការមិនបញ្ជូនសព្វាវុធចូលទៅក្នុងតំបន់ជម្លោះប្រដាប់អាវុធ, ទីក្រុងប៊ែរឡាំង បានចូលរួមជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូផ្សេងទៀត ក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន។ រដ្ឋាភិបាល អាល្លឺម៉ង់ និយាយ ថា ខ្លួនមានទំនួលខុសត្រូវខាងសីលធម៌ក្នុងការគាំទ្រទីក្រុងកៀវដូច្នេះ អ៊ុយក្រែនអាចការពារខ្លួនប្រឆាំង នឹងរុស្ស៊ីបាន។
អាល្លឺម៉ង់ ក៏បានចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ក្នុងការកាត់ផ្តាច់សេដ្ឋកិច្ចចេញពីប្រទេសរុស្ស៊ីផងដែរ។ អាជីវកម្មអាល្លឺម៉ង់ បានពឹងផ្អែកលើឧស្ម័នធម្មជាតិរុស្ស៊ីតម្លៃថោកអស់រយៈពេលប្រាំទសវត្សរ៍មកហើយ ចាប់តាំងពីមុនពេលសហភាពសូវៀតដួលរលំ៕


ប្រភព Anadolu Agency ប្រែសម្រួលដោយគីរីដងរែក




