តំណាងរងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Dmitry Polyanskiy បាននិយាយថា ប្រទេសលោកខាងលិចមិនអាចទម្លាក់កំហុសលើរុស្ស៊ីចំពោះការបាត់បង់ជីវិតមនុស្សដែលបង្កឡើងនៅអ៊ុយក្រែននោះទេ ប៉ុន្តែគួរបន្ទោសខ្លួនឯងវិញទើបត្រូវ ។
លោក Polanskiy បាននិយាយក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះថា “អ្នកនឹងមិនអាចបន្ទោសរុស្ស៊ីបានទេ ។ អ៊ុយក្រែនបានសម្លាប់មនុស្សនៅតំបន់ Donbass ចាប់តាំងពីឆ្នាំ២០១៤ មកដោយប្រើអាវុធ ដែលផ្តល់ដោយ លោកខាងលិច” ។
ចាប់តាំងពីផ្ទុះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក លោកខាងលិចបាននឹងកំពុងផ្តល់ជំនួយមនុស្សធម៌ យោធា និងហិរញ្ញវត្ថុដល់ក្រុងកៀវក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រុស្ស៊ី បានថ្កោលទោស ក្រុមប្រទេសលោកខាងលិច ពីលំហូរនៃអាវុធដែលបញ្ជូនទៅឲ្យអ៊ុយក្រែន ហើយបានព្រមានថា រាល់អាវុធដែលលោកខាងលិចផ្ដល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវ គឺជាគោលដៅខុសច្បាប់ ។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ក៏បាននិយាយដែរថា សហរដ្ឋអាមេរិកគ្រោងនឹងបញ្ឆេះជម្លោះនៅអ៊ុយក្រែនយ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ ២០២៥ ខណៈការសន្និដ្ឋានបែបនេះគឺផ្អែកទៅលើឯកសារដែលបញ្ចេញដោយអាជ្ញាធរអាមេរិកកាលពីពេលកន្លងមក ។
កាលពីចុងខែវិច្ឆិកា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ក្នុងទំហំទឹកប្រាក់ ១.២ ពាន់លានដុល្លារជាមួយក្រុមហ៊ុនអាកាសចរណ៍ Raytheon សម្រាប់ការទិញប្រព័ន្ធការពារដែនអាកាសដើម្បីផ្ដល់ឲ្យទីក្រុងកៀវ ៕


ប្រភព POLYGRAPH.info ប្រែសម្រួលដោយគីរីដងរែក




