អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានសរសេរនៅលើឆានែល Telegram របស់លោកកាលពីថ្ងៃអាទិត្យថា រុស្ស៊ីកំពុងជំរុញការផលិតសព្វាវុធដ៏មានឥទ្ធិពលបំផុតបន្ថែមទៀត រួមទាំងផ្អែកលើគោលការណ៍រូបវន្តថ្មី សម្រាប់ទប់ទល់នឹងប្រទេសលោកខាងលិចដែលគាំទ្ររដ្ឋាភិបាលទីក្រុងកៀវ ។
លោក Medvedev បាននិយាយថា “សត្រូវរបស់យើងកំពុងត្រូវបានចាក់ឫសនៅអឺរ៉ុប អាមេរិកខាងជើង ជប៉ុន អូស្ត្រាលី នូវែលសេឡង់ និងកន្លែងមួយចំនួនទៀតដែលបង្ហាញពីភក្ដីភាពចំពោះពួកណាស៊ីនាពេលបច្ចុប្បន្ននេះ” ។
អតីតប្រធានាធិបតីរុស្ស៊ីរូបនេះបញ្ជាក់ទៀតថា “នោះហើយជាមូលហេតុដែលយើងកំពុងជំរុញការផលិតសព្វាវុធ ដែលជាមធ្យោបាយបំផ្លិចបំផ្លាញដ៏មានឥទ្ធិពលបំផុតទៅលើសត្រូវរបស់យើងដែលកំពុងចាក់ឫសគល់នៅទូទាំងពិភពលោក” ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។
បន្ទាប់មកលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែល មានតម្លៃ រាប់សិបពាន់លានដុល្លារ ៕





ប្រភព NDTV ប្រែសម្រួលដោយគីរីដងរែក




