នាវាចម្បាំង “Admiral Gorshkov” របស់កងទ័ពជើងទឹករុស្ស៊ី បានក្លាយជានាវាចម្បាំង បំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ដំបូងគេ ដែលបានចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានពិនិត្យមើលពិធីដាក់ឲ្យដំណើរការនេះ កាលពីថ្ងៃពុធទី០៤ខែមករា តាមរយៈ Video Link ដោយប្រកាសថា មីស៊ីល Zircon គឺជា “អាវុធពិសេស” ហើយថា “គ្មានប្រទេសណា មានអ្វីអាចយកមកប្រៀបផ្ទឹមជាមួយនឹងមីស៊ីលនេះបានឡើយ។ ខ្ញុំប្រាកដថា គ្រឿងសព្វាវុធដ៏មានអានុភាពបែបនេះ នឹងអនុញ្ញាតឲ្យយើងការពាររុស្ស៊ីយ៉ាងខ្ជាប់ខ្ជួន ពីការគំរាមកំហែងពីបរទេស។ វា នឹង ជួយ រក្សា ផលប្រយោជន៍ ជាតិ របស់ ប្រទេស យើង ”។
យោងតាមរដ្ឋមន្ត្រីការពារជាតិលោក Sergey Shoigu, នាវាចម្បាំងនេះ នឹងអនុវត្តការធ្វើដំណើរនៅមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រឥណ្ឌា ក៏ដូចជាសមុទ្រមេឌីទែរ៉ាណេផងដែរ។
លោក Shoigu និយាយថា “នាវាដែលបំពាក់ជាមួយមីស៊ីល Zircon មានសមត្ថភាព ធ្វើការវាយប្រហារប្រកបដោយភាពជាក់លាក់ខ្ពស់ និងខ្លាំងក្លាទៅលើសត្រូវនៅសមុទ្រ និងនៅលើដីគោក។ លក្ខណៈពិសេសតែមួយគត់នៃមីស៊ីលល្បឿនលឿនជាងសំឡេង Zircon គឺសមត្ថភាពធានារបស់ពួកគេ ក្នុងការឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសដែលមានស្រាប់ ឬអនាគត”។ លោក Shoigu បន្ថែមថា មីស៊ីលនេះ មានរយៈចម្ងាយជាង ១០០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា នាវាចម្បាំងនេះ បានចូលរួមជាមួយកងនាវាភាគខាងជើងរបស់រុស្ស៊ីជាលើកដំបូងក្នុងឆ្នាំ២០១៨។ ការសាកល្បងមីស៊ីល Zircon លើនាវា បានចាប់ផ្តើមនៅឆ្នាំ២០២០ ហើយបានបញ្ចប់កាលពីឆ្នាំមុន៕



ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




