អ្នកនាំពាក្យអគ្គស្នងការ៖ សមត្ថកិច្ចធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនក្រុមកុបកម្មចំនួន ៣១នាក់ (ស្រី ២នាក់) ដែលបានធ្វើសកម្មភាពតាមផែនការរបស់ក្រុមជ្រុលនិយមក្រៅប្រទេស ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះថា៖ «ផែនការកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ត្រូវបានបំផ្លាញតាមរយៈកិច្ចសហការចាត់វិធានការយ៉ាងតឹងរឹងប្រកបដោយស្មារតីប្រុងប្រយ័ត្ន មានភាពបត់បែនរស់រវើក និងស្របតាមច្បាប់ ដោយមិនបណ្តោយឲ្យក្រុមទុច្ចរិតទាំងនោះធ្វើសកម្មភាពបំផ្លាញភាពសុខសាន្តរបស់សង្គមជាតិ។
ជាក់ស្តែង តាមរយៈការអនុវត្តផែនការប្រឆាំងអំពើកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលកំណត់ធ្វើសកម្មភាពនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ សមត្ថកិច្ចធ្វើការត្រួតពិនិត្យ ឆែកឆេរ និងឃាត់ខ្លួនសមាជិក សកម្មជននៃក្រុមកុបកម្មចំនួន ៣១នាក់ (ស្រី ២នាក់) ដែលបានធ្វើសកម្មភាពតាមផែនការរបស់ពួកគេក្នុងការប្រមូលកម្លាំងនៅតាមគោលដៅដែលបានកំណត់ និងដកហូតបាននូវសម្ភារ វត្ថុតាងមួយចំនួន (ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូនិងគ្រាប់ដែក) សម្រាប់ធ្វើសកម្មភាពប្រឆាំងតបតជាមួយសមត្ថកិច្ច។ ជនទាំងនោះ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់»។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្លែងអំណរគុណចំពោះកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ប្រឆាំងនឹងអំពើវិទ្ធង្សនា បង្កអសន្តិសុខ ឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសអរគុណចំពោះប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ដែលយល់ដឹងអំពីគុណតម្លៃសន្តិភាព គាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទៈរាស្រ្ត និងមិនចូលរួមក្នុងសកម្មភាពបំផ្លិចបំផ្លាញជាតិជាមួយពួកក្រុមជ្រុលនិយមអគតិទាំងនេះ។
ដោយគិរីដងរែក