រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ចេញមធ្យោបាយធ្វើដំណើរតាមផ្លូវដែកបន្ថែមលើរថយន្តក្រុងរបស់រដ្ឋភិ បាលរាជធានីភ្នំពេញដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌដោយមិនយក កម្រៃរយៈពេល៤ ថ្ងៃគឺចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកញ្ញា ។ ការដាក់ចេញមធ្យោបាយដឹកជញ្ជូនប្រជាពលរដ្ឋនេះ ត្រូវបានរដ្ឋាភិបាលអះអាងថា ដើម្បីជួយសម្រួល បន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ។
លោក ហ៊ាង សុទ្ធាយុត្តិអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់បណ្តាញព័ត៌មាន គីរីដងរែក ពីម្សិលមិញថា មធ្យោបាយធ្វើដំណើរតាមផ្លូវ ដែកសម្រាប់ដឹកជញ្ជូនពលរដ្ឋក្នុង ពេលបុណ្យភ្ជុំបិណ្ឌមានពីរគោលដៅដោយគោលដៅខ្សែទី១គឺពីភ្នំពេញ ទៅកាន់ខេត្ត កំពង់ឆ្នាំងពោធិ៍សាត់ និងបាត់ដំបង និងគោលដៅខ្សែ ទី២ គឺ ពីភ្នំពេញ ទៅកាន់ខេត្តតាកែវកំពត និងព្រះសីហនុ ។
លោកបន្ត ថាសំបុត្រធ្វើដំណើរ នឹងចែកជូននៅតាមស្ថានីយ៍ រថភ្លើងភ្នំពេញ និងតាមបណ្តាខេត្តរយៈពេល ២ថ្ងៃមុនថ្ងៃចេញដំណើរ ចំណែកម៉ោងធ្វើដំណើរទាំងទៅទាំងមកគឺ មានកំណត់នៅក្នុងតារាងធ្វើដំណើរ ។
លោកនិយាយថា ៖ « ការសម្រេចនេះ គឺមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល លើការជួយសម្រួលបន្ទុកចំណាយ របស់ប្រជាពលរដ្ឋកម្មករកម្មការិនី មន្ត្រីរាជការដែល នឹងធ្វើដំណើរទៅស្រុកក្នុងពិធីបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេប៉ុន្តែ ថែមទាំងជាការយក ចិត្តទុកដាក់លើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ » ។
ដើម្បីចូលរួមចែកការបន្ថយគ្រោះថ្នាក់ចរាចរណ៍លោក ហ៊ាង សុទ្ធាយុត្តិ បានអំពាវនាវដល់ក្រុមហ៊ុនដឹកអ្នកដំណើររថយន្តឈ្មួល និងប្រជាពលរដ្ឋកុំដឹកលើសចំនួនកំណត់ និងកុំដឹកលើសទម្ងន់ ដែលខុសពីសេចក្ដីណែនាំរបស់ក្រសួងសាធរណការ និងដឹកជញ្ជូន ហើយបើកបរ ត្រូវគោរពតាមច្បាប់ចរាចរណ៍ ។
ក្រៅពីការត្រៀមមធ្យោបាយធ្វើដំណើរតាមផ្លូវដែកសាលាក្រុងភ្នំពេញកាលពីថ្ងៃទី១២ ខែកញ្ញា ក៏បានត្រៀមរថយន្តក្រុងចំនួន
១៧៥ គ្រឿងដើម្បីជួយសម្រួលមធ្យោបាយធ្វើដំណើរបស់ប្រជាពលរដ្ឋ ពី ភ្នំពេញទៅស្រុកកំណើត និងពីស្រុកកំណើតមកភ្នំពេញវិញ ។
ក្នុងចំណោមរថយន្តទាំងនេះមាន ១២០គ្រឿងត្រៀមដឹកប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្តរួមមានកណ្តាលព្រៃវែង ស្វាយរៀងតាកែវកំពតកែប កំពង់ស្ពឺ ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាមត្បូងឃ្មុំក្រចេះ និងស្ទឹងត្រែង ។ ចំណែក ៥៥ គ្រឿងសម្រាប់ដឹកប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ ។
ជាមួយនឹងការសម្រេចបញ្ចេញរថយន្ត និងរថភ្លើងដឹកជញ្ជូនពលរដ្ឋក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ពីសំណាក់រដ្ឋាភិបាលត្រូវបានពលរដ្ឋរួម នឹង អ្នកធ្វើការជាមួយពលរដ្ឋ ក្រីក្រ បញ្ចេញមតិគាំទ្រ ព្រោះវាអាចជួយសម្រាលបន្ទុក ចំណាយការធ្វើដំណើររបស់កម្មករ ។
លោក វន់ ពៅ ប្រធានសមាគម ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅ ប្រព័ន្ធយល់ថាការសម្រេចនេះគឺជាចំណុចល្អប្រសើរ ហើយ ដែលរាជរដ្ឋាភិបាលបានគិតគូរដល់ប្រជាពលរដ្ឋទាក់ទង នឹងការសម្រួលនូវមធ្យោបាយធ្វើដំណើរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌសម្រាប់ ពួក គាត់ដោយឥតគិតថ្លៃ ៕



ដោយគីរីដងរែក




