អ្នកជំនាញបាននិយាយថាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជានឹងក្លាយជាលក្ខខណ្ឌចាំបាច់សម្រាប់បន្តការចរចាពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នានៃធនធានឧស្ម័នធម្មជាតិនៅឈូងសមុទ្រថៃប៉ុន្តែក៏បានក្រើនរំលឹកឡើងវិញនៃភាពចម្រូងចម្រាស់ដែលអាចកើតមានប្រសិនបើមានការទាមទារៀងខ្លួន។
ប្រសិនបើប្រទេសទាំងពីររួមគ្នា ពួកគេអាចទាញយកធនធានថាមពលដែលមានតម្លៃប្រមាណ ១ទ្រីលានបាត។
ពួកគេបាននិយាយថា ភាពចលាចលនយោបាយ និងជាតិនិយមនៅក្នុងប្រទេសថៃ បន្ទាប់ពីមានរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ បានក្លាយជាឧបសគ្គដ៏ធំសម្រាប់កិច្ចពិភាក្សារវាងប្រទេសទាំងពីរស្តីពីការបោះបង្គោលព្រំដែនសមុទ្រ ក៏ដូចជាការរួមគ្នាអភិវឌ្ឍទុនបម្រុងប្រេងនៅក្នុងតំបន់ទំហំ ២៦,០០០ គីឡូម៉ែត្រការ៉េ។
បញ្ហានេះត្រូវបានពិភាក្សាជាយូរមកហើយក្នុងសិក្ខាសាលាស្ដីពីតំបន់ត្រួតស៊ីគ្នានៃប្រទេសទាំងពីរនៅឈូងសមុទ្រថៃ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយមហាវិទ្យាល័យនីតិសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn និងនាយកដ្ឋានសន្ធិសញ្ញា និងកិច្ចការច្បាប់នៃក្រសួងការបរទេសកាលពីថ្ងៃទី១០ ខែសីហា បើទោះបីជាភាគីថៃនៅតែរង់ចាំគោលការណ៍ និងការណែនាំថ្មីពីរដ្ឋាភិបាលដែលមិនទាន់បង្កើតក៏ដោយ។
គណៈកម្មាធិការបច្ចេកទេសចម្រុះ បច្ចុប្បន្នដឹកនាំដោយឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwan ដែលលអាចនឹងត្រូវបានផ្លាស់ប្តូ។ លោកស្រីបានថ្លែងក្នុងសិក្ខាសាលានេះថា អាចនឹងតម្រូវឱ្យស្នើឡើងនូវក្របខណ្ឌការចរចាថ្មី និងជំហរស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលចូលមកកាន់តំណែង។
ប្រទេសថៃ និងកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីតំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រកាលពីខែមិថុនា ឆ្នាំ ២០០១ ដែលបានក្លាយជាចំណុចចាប់ផ្តើមនៃការចរចា។ ទោះជាយ៉ាងនេះក្តី មិនមានវឌ្ឍនភាពច្រើនឡើយ ចាប់តាំងពីពេលនោះមក ដោយសារជម្លោះនយោបាយនៅក្នុងប្រទេសថៃ។
មុនរដ្ឋប្រហារឆ្នាំ ២០០៦ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរៀបចំគូសវាសពីតំបន់កំណត់ព្រំដែន ដែលពួកគេអាចធ្វើការអភិវឌ្ឍរួមគ្នា។ កិច្ចពិភាក្សានេះត្រូវបានបង្អាក់ដោយការលេចចេញនូវចលនាប្រឆាំងលោកថាក់ស៊ីនខ្លាំង ដែលបានចោទប្រកាន់លោកថាទទួលបានផលប្រយោជន៍ដោយសារក្រុមអ្នកជំនួញរបស់លោក និងទំនាក់ទំនងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ការចោទប្រកាន់នេះគឺជាផ្នែកមួយនៃជម្លោះទ្វេភាគីកាន់តែធំ ខណៈដែលក្រុមវរជន (elite) នៅក្នុងប្រទេសថៃបានជំទាស់នឹងសំណើរបស់កម្ពុជាក្នុងការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ជម្លោះពាក្សសំដីដ៏ក្តៅគគុកបាននាំឱ្យមានការប៉ះទង្គិចគ្នាផ្នែកយោធានៅក្នុងឆ្នាំ២០០៨ និងការបកស្រាយសាលក្រមឆ្នាំ១៩៦២ របស់តុលាការយុត្តិធម៌អន្តរជាតិលើកម្មសិទ្ធិនៃរមណីដ្ឋានបុរាណនោះ។ ទនន្ទឹមនឹងនោះ ក៏មានការប៉ះទង្គិចគ្នាបន្ថែមទៀតរវាងទាហានក្នុងឆ្នាំ ២០១១ ដែលបានធ្វើឲ្យភាគីទាំងសងខាងរងរបួស។
ប្រទេសថៃមិនអាចបន្តបាត់បង់ឱកាសសេដ្ឋកិច្ចបន្ថែមទៀតក្នុងការទាញយកធនធានធម្មជាតិនៅក្នុងតំបន់ត្រួតស៊ីគ្នាទៀតទេ ខណៈដែលឧស្ម័នដែលមាននៅលើឈូងសមុទ្រថៃជិតអស់ នេះបើយោងតាមលោក Kurujit Nakornthap នាយកប្រតិបត្តិនៃវិទ្យាស្ថានប្រេងឥន្ធនៈថៃ។
ប្រទេសនេះពឹងផ្អែកកាន់តែខ្លាំងឡើងលើការនាំចូលឧស្ម័នធម្មជាតិរាវជារៀងរាល់ឆ្នាំ ដែលធ្វើអោយតម្លៃអគ្គិសនីក្នុងស្រុកកាន់តែមានតម្លៃថ្លៃ។ លោកបានបន្តថា តម្លៃឧស្ម័នដែលបាននាំចូលគឺ ៣៨,៦ ដុល្លារក្នុងមួយលាន Btu (British thermal units) ដែលថ្លៃជាង ៧ ដងនៃតម្លៃឧស្ម័នដែលផលិតនៅឈូងសមុទ្រថៃ ដែលមានតម្លៃត្រឹម ៥,៥ ដុល្លារក្នុងមួយលាន Btu។
លោកបានបន្តថា៖ «វាចាំបាច់ និងជាឱកាសសម្រាប់យើងក្នុងការបន្តចរចាដើម្បីរួមគ្នាអភិវឌ្ឍធនធានប្រេងក្នុងតំបន់ត្រួតស៊ីគ្នា»។
លោក Kurujit អតីតលេខាធិការប្រចាំការនៅក្រសួងថាមពលដែលមានបទពិសោធន៍ក្នុងការចរចាដើម្បីបង្កើតតំបន់អភិវឌ្ឍន៍រួមគ្នាទាញយកធនធានធម្មជាតិនៅក្នុងតំបន់ត្រួតស៊ីគ្នាជាមួយម៉ាឡេស៊ីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានលើកឡើងថា ការអត់ធ្មត់ និងភាពបត់បែនគឺពិតជាត្រូវការជាចាំបាច់សម្រាប់ការចរចាដើម្បីធ្វើឱ្យមានវឌ្ឍនភាពលើបញ្ហាទាំងនេះ។
លោកបានគូសបញ្ជាក់ទៀតថា គំរូអភិវឌ្ឍន៍រួមគ្នារបស់ថៃ-ម៉ាឡេស៊ី ត្រូវបានចាត់ទុកថាជាជោគជ័យ និងធ្វើជាគំរូសម្រាប់ប្រទេសក្នុងតំបន់។ «ទាំងប្រទេសថៃ និងកម្ពុជាត្រូវតែទម្លាក់ចោលនូវគំនិតជាតិនិយម និងផ្នត់គំនិតរឹងទទឹង ហើយធ្វើការឆ្ពោះទៅរកដំណោះស្រាយដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមក»។
លោក Dulyapak Preecharush នាយករងវិទ្យាស្ថានសិក្សាអាស៊ីបូព៌ានៃសកលវិទ្យាល័យ Thammasat បាននិយាយថា ការបន្តការចរចាលើតំបន់ត្រួតស៊ីគ្នាជាមួយប្រទេសកម្ពុជានឹងកាន់តែងាយស្រួលប្រសិនបើគណបក្សភឿថៃអាចបង្កើតរដ្ឋាភិបាលថ្មី ខណៈដែលខ្លួនមានទំនាក់ទំនងល្អជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកថាក់ស៊ីន និងលោកស្រី យីងឡាក់ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីពួកគេត្រូវបានគេឃើញចូលរួមក្នុងពិធីខួបកំណើតគម្រប់ ៧២ ឆ្នាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ។ ទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជិតខាង ក៏ជះឥទ្ធិពលដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមករបស់ប្រទេសផងដែរ។
ទោះជាយ៉ាងនេះក្តី លោក Dulyapak បានរំលឹកថា រដ្ឋាភិបាលថ្មីគួរតែដឹងច្បាស់អំពីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ផ្ទាល់ខ្លួន នៅពេលដែលធ្វើការលើគម្រោងអភិវឌ្ឍន៍រួមគ្នាជាមួយកម្ពុជា។ លោកបាននិយាយថា នេះជាអ្វីដែលធ្លាប់កើតឡើងមានពីមុន ដែលអាចបង្អាក់ដល់ការចរចាលើបញ្ហានេះ។
ដោយគិរីដងរែក