រដ្ឋាភិបាលក្នុងអាណត្តិថ្មីនីតិកាលទី៧ នឹងបន្តដាក់ឱ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដើម្បីជាធាតុចូលពីគ្រប់ភាគី ពាក់ព័ន្ធសម្រាប់អភិវឌ្ឍសង្គម និងជាស្មារតីបង្រួបបង្រួមជាតិទាំងបច្ចុប្បន្ន និងអនាគត ។
ការប្រកាសដាក់ឱ្យបន្តអាណត្តិឧត្តមក្រុមប្រឹក្សានេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីបេក្ខភាពនាយករដ្ឋមន្ត្រី ថ្មីគឺលោក ហ៊ុន ម៉ាណែត ដែលនឹងតែងតាំងជំនួសលោកនៅចុងខែសីហាខាងមុខ ។
តាមរយៈសារសំឡេងកាលពីម្សិលមិញបានឱ្យដឹងថារដ្ឋាភិបាលនីតិកាលទី៧ នឹងកើតមានឡើងក្នុងពេលឆាប់ៗខាងមុខប៉ុន្តែរក្សា ឱ្យ មានឧត្តមក្រុមប្រឹក្សានេះដដែលដើម្បីជាធាតុចូលសម្រាប់ផ្ដល់យោបល់ក្នុងការអភិវឌ្ឍសង្គមជាតិ ។
លោក ហ៊ុន សែន បញ្ជាក់ថា ៖ « បន្ទាប់ពីបានពិភាក្សាក្រោយថ្ងៃបោះឆ្នោតយើងពិតជាមានតម្រូវការដើម្បីប្រមូលនូវធាតុចូលទាំងអស់ នៃបណ្តាបក្សនយោបាយ បើទោះបីបក្សនយោបាយមានសន្លឹកឆ្នោតមានអាសនៈក្នុងសភាឬគណបក្សនយោបាយគ្មានអាសនៈនៅ ក្នុង សភាដើម្បីចូលរួមកសាងប្រទេសជាតិ ។
យោងតាមព្រះរាជក្រឹត្យអាណត្តិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក៏នឹងចប់នៅពេលដែលរដ្ឋាភិបាលថ្មីចូលកាន់តំណែង ។
លោកបន្តថាការរៀបចំឱ្យមានឧត្តមក្រុមប្រឹក្សាដដែលសម្រាប់នីតិកាលទី៧ គឺធ្វើឡើងដូចទៅ នឹងរដ្ឋាភិបាលនីតិកាលទី ៦ ដោយដាក់ ឱ្យមានប្រធានប្រតិភូអនុប្រធានប្រតិភូ និងមានលេខាធិការដែលគណបក្សនយោបាយមួយត្រូវមានឥស្សរជនចំនួន៣រូបចូលរួម ។
លោក ហ៊ុន សែន បញ្ជាក់ថារដ្ឋាភិបាលអាណត្តិថ្មីនឹងស្នើសុំព្រះមហាក្សត្រ ដើម្បីចេញព្រះរាជក្រឹត្យបង្កើតឱ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។
លោកថ្លែងថាចំពោះគណបក្សនយោបាយ ដែលមិនបានចូលរួមបោះឆ្នោតប៉ុន្តែបានចុះឈ្មោះ ស្របតាមច្បាប់នៅក្រសួងមហាផ្ទៃអាច នឹងមានលទ្ធភាពចូលរួមបានដែរ ប៉ុន្តែរឿងនេះនាយករដ្ឋមន្ត្រីថ្មី និងរដ្ឋាភិបាលថ្មីគឺជាអ្នកសម្រេច ។
លោកបន្ថែមថា ៖ « យើងចង់ប្រមូលផ្តុំធនធានមនុស្សធនធានខួរក្បាលដើម្បីបន្តការអភិវឌ្ឍប្រទេសបន្ថែមលើសពីនេះក៏ជាស្មារតី បង្រួបបង្រួមជាតិមួយឆ្ពោះទៅរកអនាគតដ៏រុងរឿង » ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បង្កើតឡើងក្រោយការបោះឆ្នោតជាតិនីតិកាលទី ៦ កាលពីឆ្នាំ២០១៨ ។ ក្នុងនីតិកាលទី ៦ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលទទួលបានអាសនៈក្នុងរដ្ឋសភា៕



ដោយគិរីដងរែក




