រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាអង្គភាពរបស់រដ្ឋចុះបញ្ជីក្នុងផ្សារមូលបត្ររកចំណូលបានជិត ១០០លានដុល្លារពីការធ្វើអាជីវកម្មទឹក ក្នុងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសទី៤របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបណ្តាញព័ត៌មាន ទទួលបាន។ របាយការណ៍ នេះបានបញ្ជាក់យ៉ាងដូច្នេះថា រយៈពេល១២ខែ ឆ្នាំ២០២៣រដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ ទទួលបានចំណូលសរុបចំនួន៣៩២ពាន់លានរៀល ឬប្រមាណជាង៩៦លានដុល្លារ ដោយ ទទួលបានផលចំណេញប្រមាណ ១៥០ពាន់លានរៀល ឬ ប្រហែល៣៦លានដុល្លារ ខណៈការចំណាយប្រតិបត្តិការផ្សេងៗ ក្នុងឆ្នាំ២០២៣មានចំនួនជាង ២៤១ពាន់លានរៀលឬប្រហែល ៥៩លានដុល្លារ។ទិន្នន័យដដែលនេះបានបញ្ជាក់ផងដែរថា ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរកចំណូលបានជាង១០៤ពាន់លានរៀលឬប្រហែលជាង២៥ លានដុល្លារ និងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូលចំនួន៤០ពាន់លានរៀល ឬប្រហែលជិត១០លានដុល្លារ មានកំណើនប្រមាណជាង៥០% ដែលកំណើនប្រាក់នេះចំណេញក្នុងត្រីមាសទី៤នេះ គឺដោយសារចំណូលពីការលក់បានកើនឡើង ខណៈអត្រាបាត់បង់ទឹកត្រូវកាត់បន្ថយ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រើប្រាស់នូវយន្តការដ៏មានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាទឹកបាត់បង់មកនៅ១០.៣៦% ក្នុងត្រីមាសទី៤ឆ្នាំ២០២៣។ ការរក្សាបានអត្រាទឹកបាត់បង់នៅត្រឹមកម្រិតនេះ ជាកត្តាចម្បងដែលធ្វើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មាន ជីវភាពហិរញ្ញវត្ថុ និងអភិវឌ្ឍ សហគ្រាសរក្សានូវស្ថានភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តភាព។




ដោយគិរីដងរែក