30 C
Phnom Penh
Thursday, November 21, 2024
- Advertisement -spot_img

រដ្ឋមន្រ្តីក្រសួងព័ត៌មានថា អ្នកសារព័ត៌មាន បានចូលរួមយ៉ាងសំខាន់ ក្នុងការលុបបំបាត់នូវ ដំណឹងក្លែងក្លាយ

- Advertisement -spot_img

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ដំណឹងក្លែងក្លាយ បានធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ការទុកចិត្តមកលើរដ្ឋាភិបាល ដូច្នេះការចូលរួមរបស់អ្នកសារព័ត៌មាន បានចូលរួមយ៉ាងសំខាន់ក្នុងការលុបបំបាត់ដំណឹងក្លែងក្លាយនេះ តាមរយៈការផ្សាយព័ត៌មានពិតដែលខ្លួនមាន។

លោក ខៀវ កាញារីទ្ធ បានថ្លែងបែបនេះក្នុងសិក្ខាសាលាស្តីពីផលប៉ះពាល់ នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយរបស់រដ្ឋាភិបាល នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២១។ 

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា “ទាក់ទងនឹងដំណឹងក្លែងក្លាយនេះ កម្ពុជាបានជួបប្រទះជាច្រើនណាស់មកហើយ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ក្រៅពីការបង្កើតដំណឹងក្លែងក្លាយដោយក្រុមអមិត្ត ក្នុងគោលបំណងធ្វើឱ្យមហាជន បាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល និងការចែករំលែកបន្តដោយមិនបានមើលគ្រប់ជ្រុងជ្រោយពី សំណាកអ្នកអានមួយចំនួននោះ អ្នកសារព័ត៌មានយើង គឺមានតួនាទីសំខាន់ ក្នុងការលុបបំបាត់នូវ ដំណឹងក្លែងក្លាយទាំងនោះ ក្នុងការជួយណែនាំ និងជួយធានានូវទំនុកចិត្តរបស់ប្រជាពលរដ្ឋលើរដ្ឋាភិបាល តាមរយៈផ្សាយព័ត៌មានពិតដែលខ្លួនមាន”។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តថា ការអនុវត្តតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសនៅក្នុងស្ថានភាពតានតឹង ដូចជាការឆ្លងរាលដាលនៃជំងឺកូដ-១៩ នេះតែម្ដង វាមានភាពចាំបាច់សម្រាប់អ្នកសារព័ត៌មានដោយសារតែ ទីមួយបានចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលការណ៍បន្ទាន់ៗ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ថ្មីៗទៅកាន់ប្រជាពលរដ្ឋ ទីពីរផ្ដល់នូវព័ត៌មានសំខាន់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងទីបីពាំនាំនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋជូនរដ្ឋាភិបាលវិញ។ 

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ កិច្ចសហប្រតិបត្តិការអនុតំបន់ មេគង្គ-ឡានឆាង បានផ្តល់ជំនួយក្រោមមូលនិធិពិសេស ដល់បណ្តប្រទេសតាមបណ្ដោយទន្លេមេគង្គមានដូចជា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈជំនួយនេះ យើងបានសម្រេចនូវគម្រោងស្រាវជ្រាវ ក្រោមប្រធានបទ ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលនឹងប្រកាសផ្សព្វផ្សាយនូវសៀវភៅ ស្តីពី ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលជាលទ្ធផលនៃការស្រាវជ្រាវនេះ។

លោកថាស្ថិតក្នុងតំបន់អាស៊ាន យើងសង្កេតឃើញមានប្រទេសសិង្ហបុរីមុនគេ ដែលមាននូវច្បាប់ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ម៉ាឡេស៊ី ធ្លាប់បានអនុម័ត និងដកចេញវិញ។ រីឯប្រទេសមួយចំនួនទៀត ត្បិតមិនមានច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយដោយឡែក ប៉ុន្តែយើងសង្កេត ច្បាប់ដទៃទៀត ដែលមានភាពពាក់ព័ន្ធការបង្កើតឱ្យមាននូវដំណឹងក្លែងក្លាយ ដែលមានបង្កផលប៉ះពាល់ដល់សង្គមជាតិ។ សម្រាប់កម្ពុជាយើងមិនទាន់បានគិតគូរ ទៅដល់យន្តការបង្កើតច្បាប់ដូចសិង្ហបុរីនោះទេ ដោយសារតែយើងគ្រប់គ្រងបានល្អ ក៏ប៉ុន្តែច្បាប់មួយចំនួនទៀតដែលមានភាពពាក់ព័ន្ធ អាចនឹងត្រូវ បានអនុម័ត ដូចជាច្បាប់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាជាដើម។

ក្នុងឱកាសនេះ លោក  ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានមានប្រសាសន៍ថា កន្លងមកនេះ ទាក់ទងនឹងការរីករាលដាលនៃដំណឹងក្លែងក្លាយ ក្រសួងព័ត៌មាន បានបង្កើតនូវគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគណៈកម្មការនេះ អនុវត្តកិច្ចសហប្រតិបត្តិការជាមួយ អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ និងនិយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការទប់ស្កាត់ដំណឹងក្លែងក្លាយ។  លោកថាជាលទ្ធផល ករណីមួយចំនួន ត្រូវបានភាគីពាក់ព័ន្ធ បានចូលរួមដោះស្រាយ និងលុបបំបាត់បានទាន់ពេលវេលា។ ក៏ប៉ុន្តែ ក្នុងករណីមួយចំនួនទៀត ដំណឹងក្លែងក្លាយ ត្រូវបានបង្កើត និងចែកចាយ ដោយសេរីក្នុងបណ្តាញសង្គម។ មូលហេតុនៃការមិនអាចគ្រប់គ្រងបានទាំងស្រុង គឺដោយសារតែថ្នាលបណ្តាញសង្គម ដែលដំណឹងក្លែងក្លាយនោះ បានផ្សព្វផ្សាយ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល៕

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img