33 C
Phnom Penh
Wednesday, March 12, 2025
- Advertisement -spot_img

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះចុះពិនិត្យមើលវឌ្ឍនភាពដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ

- Advertisement -spot_img

ក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និង ផ្លូវប្រវែងជាង ៣០គីឡូម៉ែត្រនៅខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៤។
តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងគម្រោងបានឱ្យដឹងថា ដំណើរ ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ រហូតមកដល់ដំណាច់ខែមេសា ឆ្នាំ២០២៤ នេះ សម្រេចបានប្រមាណ ៤៩.១៩ ភាគ រយហើយផ្លូវសម្រេចបាន ៣៦,២៤ភាគរយ។



បើតាមផែនការដែលបានគ្រោងទុក ការសាងសង់ផ្លូវ និងស្ពានឆ្លងកាត់ទន្លេមេគង្គ នឹងសម្រេចហើយរួចរាល់នៅក្នុងខែកញ្ញា ឆ្នាំ ២០២៦។គួររម្លឹកដែរថា ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ មាន ប្រវែង ១ ៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩ គីឡូម៉ែត្រក្រោមឥណទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ គឺ មានប្រវែង ១ ៧៦១ ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅត្រង់ថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។



ស្ពាននេះ ស្ថាបនាឡើងដោយមានមុខកាត់ទទឹង ១៣,៥ម៉ែត្រ មាន គន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក ប្រវែង ១,៧៥ម៉ែត្រ ផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ប្រវែង ០,៥ម៉ែត្រ។

ចំណែកឯផ្លូវតភ្ជាប់មានប្រវែង៣១,៦៩គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ១៦,២០៨គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះ ត្រូវសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា ដោយក្នុងនោះ កំណាត់ផ្លូវ ៤ខ្សែ ប្រវែង ២៦,៦៧គីឡូម៉ែត្រ ត្រូវស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្ររហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ ១៩,៥ម៉ែត្រនិងកំណាត់ផ្លូវ១ខ្សែ ប្រវែង ៥,០២៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹង ១៩ម៉ែត្រលើតួផ្លូវ ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ចំនួន ៤គន្លង(២ទៅ ២មក) គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លង(១ទៅ១មក) និងមានសួនពុះទ្រូងផ្លូវនៅចំកណ្តាល ប្រវែង ៤ម៉ែត្រ ផងដែរ។គម្រោងនេះ បានបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន ៤កន្លែងប្រវែងសរុប ៣៨៤ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។



គម្រោងនេះត្រូវអនុវត្តន៍ការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើ ប្រាស់រយៈពេលសាងសង់ចំនួន ៤២ ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៤ លានដុល្លារអាម៉េរិកដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img